ខេត្តព្រះវិហារ ៖ ដូចពាក្យចាស់លោកពោលថា មមៀចមិនខ្លាចភ្លើងពិតមែន មិនគិតអួតការខំប្រឹង អួតចំណេះវិជ្ជារ បែរជាអង្គុយលើម៉ូតូកាន់ដាវស៊ាំម៉ូរ៉ៃ អួតសម្ញ៉ែង ដាក់ខ្វែង ធ្វើដូចឯងអ្នកប្រយុទ្ធ បង្ហោះពេញលើបណ្តាញសង្គម ពេលនេះត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ស្រាវជ្រាវចាប់ឃាត់ខ្លួនបានហើយ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សមត្ថកិច្ចបានឲ្យដឹងថា ការចាប់ឃាត់ខ្លួនក្មេងទាំងនេះ គឺធ្វើឡើង ក្រោយពួកគេនេះ បានថតកាន់សម្ញ៉ែងជាមួយនឹងដាវស៊ាំម៉ូរ៉ៃ ហើយបង្ហោះលើគណនីអាខោនហ្វេសប៊ុក ឈ្មោះ «ក្មេងព្រះវិហារ ញៀនម៉ាត» ដែលរូបភាពនេះ បានផុសកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ហើយមានការស៊ែរជាច្រើន សូមណូមពរសុំការអន្តរាគមន៍ស្រាវជ្រាវចាប់ឃាត់ខ្លួនក្មេងទំនើងទាំង២នាក់នេះ ទើបលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានណែនាំឲ្យកម្លាំងនគរបាលជំនាញស្រាវជ្រាវ ដោយកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត និងប៉ុស្តិ៍នគរបាលរដ្ឋបាលយាង ឈានដល់ការចាប់ខ្លួនបានក្មេងទំនើងទាំង២នាក់ ដកហូតដាវ០២ដើម នាំមកកាន់អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ធ្វើការអប់រំ ចាប់កោរសក់ឲ្យរៀងចាល តែម្តង។
ក្មេងទំនើងទាំង២នាក់នេះ ទី១ឈ្មោះ ឡន ឡោ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ និងទី២ឈ្មោះ.រ៉ន រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ។
ក្រោយពីអប់រំរួច សមត្ថកិច្ចឲ្យអនាព្យាបាលមកធានាត្រឹមត្រូវ ធ្វើកិច្ចសន្យាជាលាយលក្ខ៍អក្សរ កោរសក់ ទុកជាមេរៀនប្រដៅ ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕