រថយន្តធុនធំ៤គ្រឿង បុកបន្តគ្នាខ្ទេចពេញផ្លូវជាតិលេខ៤
កំពង់ស្ពឺ៖ រថយន្តធុនធំចំនួន៤គ្រឿង បុកបន្តគ្នាខ្ទេចពេញផ្លូវ បណ្តាលឲ្យមនុស្សជាច្រើននាក់ រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៣-១០៤ ក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា មានរថយន្តធុនធំចំនួន០៤គ្រឿង ធ្វើដំណើរតាមផ្លូវជាតិលេខ០៤ ដល់ចំណុចកើតហេតុ រថយន្តទាំងនេះ ក៏បានបុកបន្ដគ្នាតែម្តង បណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួសធ្ងន់-ស្រាល ហើយចរាចរណ៍តាមដងផ្លូវ ធ្វើដំណើរបានតែម្ខាងប៉ុណ្ណោះ ថែមទាំងរងការកកស្ទះទៀត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ សម្រួលចរាចរណ៍ បញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យ រីឯវត្ថុតាង ត្រូវបានយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់៕


