រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ដោយបុរសម្នាក់បានស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងម្នាក់ទៀតរត់បាត់ ក្រោយត្រូវបានអ្នកជិតខាងដែលឃើញហេតុការណ៍បញ្ជាក់ថា ពួកគេបាននាំចូលទៅកាប់និងវាយភាគីម្ខាងទៀតដល់ក្នុងផ្ទះ ហើយក៏ត្រូវភាគីម្ខាងទៀត ព្រួតវាយវិញ ប្រសាចពេញផ្លូវតែម្តង ខណៈដែលករណីនេះ សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ក៏បានធ្វើការឃាត់ខ្លួនអ្នកពាក់ព័ន្ធ៥នាក់ យកទៅសួរនាំនៅប៉ុស្តិ៍ចោមចៅទី១ ផងដែរ ។
ករណីហិង្សារវាយតប់គ្នាទៅវិញទៅមករហូតមានអ្នកស្លាប់នេះ គឺបានកើតឡើងនៅវេលាម៉ោង ជិត១០យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អ្នករស់នៅជិតបន្ទប់កើតហេតុ ដែលឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុ គេឃើញមានបុរស២នាក់ ជិះម៉ូតូម៉ាក អាយ ខុន មួយគ្រឿង មិនចាំស្លាកលេខ ប្រដាប់ដោយដំបងនិងកាំបិត ចូលទៅវាយបុរសម្នាក់ដល់ក្នុងបន្ទប់ជួល ដោយមិនដឹងមានរឿងអ្វីនឹងគ្នាទេ បង្កការភ្ញាក់ផ្អើលខ្លាំង រួចភាគីទាំង២ ក៏ដេញគ្នាចេញមកខាងក្រៅ វាយតបគ្នាទៅវិញទៅមកលើបេតុងយ៉ាងប្រសាច បណ្ដាលឲ្យភាគីអ្នកដែលវាយគេមុននោះ ស្លាប់ម្នាក់ ពេលបញ្ជូនទៅសង្គ្រោះ និងម្នាក់ទៀត រត់បាត់ ដោយបានយកដំបងនិងកំបិត ទម្លាក់ចូលក្នុងលូ ។
ដោយឡែក បើតាមប្រភពព័ត៌មានបឋម ពីប្អូនប្រុសរបស់ជនរងគ្រោះ ដែលស្លាប់បានឲ្យដឹងថា បងប្រុសរបស់គាត់មានឈ្មោះ ខែម សុគន្ធ អាយុ ៤១ ឆ្នាំ មុខរបរជាកម្មករសំណង់ ហើយមុនពេលកើតហេតុ គាត់បានចេញពីធ្វើការ មកដល់ផ្ទះបងវិញ ក៏ឃើញបងប្រុសរបស់ខ្លួនស្លាប់នៅក្នុងថ្លុកឈាមទៅហើយ ដោយសារតែត្រូវបានមនុស្ស ៥ទៅ៦នាក់ បានកាប់ប្រហារទៅបងរបស់គាត់ ភ្លាមៗនោះគាត់ក៏បានដឹកបងប្រុសទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ តែអកុសលបងគាត់ដាច់ខ្យល់ស្លាប់ទៅហើយ។
ភ្លាមៗកម្លាំងសមត្ថកិច្ចរបស់អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអធិការរង ទទួលផែនព្រហ្មទណ្ឌ និងអន្តរាគមន៍ បានធ្វើការឃាត់ខ្លួនចំនួនមនុស្ស ៥នាក់ បញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ និងបន្តចាប់អ្នកពាក់ព័ន្ធក្នុងករណីវាយតប់គ្នាបណ្តាលឲ្យស្លាប់ នេះបន្តទៀត៕