ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូស៊ុយសាគីនិច លឿនពេក ដល់ផ្លូវកោងជ្រុលទៅបុកបង្គោលភ្លើងថ្ម ស្លាប់មួយរំពេច កាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ១០៣ ចំណុចបង្គោលភ្លើងលេខ P004-690 ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សាច់ញាតិបានបញ្ជាក់ថា សពជនរងគ្រោះមានឈ្មោះ ឆឹង ចាន់ធី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកបើកបររថយន្តស្ទូច ស្នាក់នៅផ្ទះផ្លូវបេតុង ភូមិទួលថ្ងាន់ សង្កាត់ភ្នំពេញ ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូគ្រឿងម៉ាក ស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CH-4882 តែម្នាក់ឯង ក្នុងល្បឿនយ៉ាងលឿន តាមផ្លូវលេខ១០៣ ពីត្បូងទៅជើងក្នុងល្បឿនលឿនដល់ចំណុចផ្លូវកោង ក៏ជ្រុលបុកផ្ទប់បង្គោលភ្លើងពេញទំហឹង លាន់ស្នូរដូចរន្ទះ ស្លាប់ភ្លាមៗតែម្តង។
ក្រោយកើតហេតុ សាច់ញាតិបានយកសាកសពជនរងគ្រោះ ទៅតម្កល់ធ្វើបុណ្យ នៅស្រុកកំណើតនៅភូមិចាន់ឧទ្ទិស ឃុំពញាឮ ស្រុកឧត្តុង ខេត្តកណ្ដាល។ ចំណែកម៉ូតូរក្សាទុកនៅ ប៉ុស្តិ៍រដ្ឋបាលទួលសង្កែទី១៕





