បុរសជាជនអនាថាម្នាក់ លោតទម្លាក់ខ្លួនពីលេីស្ពានអាកាស៥មករា របួសធ្ងន់ហើយត្រូវរថយន្តកិនជើងបន្ថែមទៀត
សន្តិសុខសង្គម
200

រាជធានីភ្នំពេញ ៖ ជនអនាថាម្នាក់ មិនច្បាស់ថាមានសតិមិនប្រក្រតីឬបែបណាទេ បានដើរឡើងលើស្ពានអាកាស៥មករា រួចលោតចុះមកក្រោមបណ្តាលឲ្យរបួសធ្ងន់ ហើយខណៈរងចាំរថយន្តសាមុយ ក៏ស្រាប់តែមានរថយន្តឡង់គ្រីស័របើកមកមើលមិនឃើញកិនចំជើងបន្ថែមទៀត បង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ មិថុនា ២០២១នៅចំណុចក្រោមស្ពានអាកាស៥មករា ផ្លូវ២៨៩ កែងនិងផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។

ជនអនាថាខាងលើ មិនត្រូវគេស្គាល់អត្តសញ្ញាណនោះទេ មានវ័យជាង៤០ឆ្នាំ ស្លៀកខោជើងខ្លីពណ៌ទឹកប៊ិច អាវយឺតដៃខ្លីពណ៌ស្លែ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសអនាថា ខាងលើបានដើរឡើងស្ពានអាកាស៥មករា តែពុំមាននរណាចាប់អារម្មណ៍ថាបុរសនោះលោតនោះទេ លុះមួយសន្ទុះក្រោយមកស្រាប់តែបុរសអនាថានោះលោតចុះមកក្រោម បណ្តាលឲ្យរបួសធ្ងន់ធ្ងរដោយមិនដឹងមូលហេតុ ។

ភ្លាមនោះសមត្ថកិច្ចដែលប្រចាំការគោលដៅខាងលើ បានជួយហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ។ ហើយខណៈកំពុងរងចាំរថយន្តសាមុយមកដឹក ក៏ស្រាប់តែមានរថយន្តឡង់គ្រីស័រពណ៍សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញBD-7883 បើកបរដោយបុរសម្នាក់តាមក្រោយស្ពានអាកាស៥មករា ក្នុងទិសដៅពីកើតទៅលិច បត់តាមក្រោមស្ពានអាកាស៥មករាមកផ្លូវ២៨៩ សង្ស័យ តែគាត់មេីលមិនឃេីញពីហេតុការណ៍ភ្ញាក់ផ្អេីលនេះ ក៏បេីកកិនចំជើងបុរសអនាថានោះបន្ថែមទៀតទៅ។

ក្រោយកើតហេតុបុរសអនាថាខាងលើត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជន ចំណែករថយន្តត្រូវបានសមត្ថកិច្ចរក្សាទុកបណ្តោះអាសន្នរងចាំចំណាត់ការនៅពេលក្រោយ ៕


Telegram