ខេត្តព្រះសីហនុ ៖ ឯកឧត្តម ជួន ណារិនស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ចាក់ប្រាប់អង្គភាព TVFB ថា
ដោយមានការលក់ដូរប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ទើបសមត្ថកិច្ចស្រាវជ្រាវឈានទៅឃាត់មនុស្សចំនួន ០៦នាក់ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។
ការចាប់ឃាត់ខ្លួននេះ គឺធ្វើឡើង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បញ្ជូនជនសង្ស័យទាំង ០៦នាក់នោះ មកកាន់ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរភ្លាមៗ។
សូមជម្រាបជូនថា វ៉ាក់សាំងដែលរាជរដ្ឋាភិបាលផ្តល់មកដើម្បីចាក់ជូន ប្រជាពលរដ្ឋ កម្មករ កម្មការិនី និងជនបរទេស ដែលកំពុងបំពេញការងារនៅខេត្តព្រះសីហនុ គឺមិនមានការគិតប្រាក់នោះទេ ។
ដោយឡែកចំពោះប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានអាជ្ញាធរចុះចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន ដោយមិនគិតថ្លៃដូចគ្នា។
ដូច្នេះសកម្មភាពនៃការលក់ដូរ ប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមឱកាសនិយមទាំងនេះ គឺជាទង្វើខុសច្បាប់ ដែលត្រូវចាត់ការតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់ ៕