រាជធានីភ្នំពេញ ៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការបញ្ជូនខ្លួន បុគ្គលឈ្មោះ សៅខូ ច័ន្ទសូឡារ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ បន្ទាប់ពីបញ្ចប់ការសួរនាំ ក្រោយទទួលបានជនសង្ស័យពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ជនសង្ស័យរូបនេះ បានក្លែងអត្តសញ្ញាណប័ណ្ណនគរបាលជាតិ (លួចបន្លំអត្តលេខ), ក្លែងប្រកាសក្រសួងមហាផ្ទៃ ស្ដីពីការតម្លើងឋានន្ដរស័ក្ដិមន្ដ្រីនគរបាលជាតិ និងប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិដោយខុសច្បាប់, ក្លែងបន្លំលិខិតបេសកកម្ម របស់នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ដាក់តួនាទីជា នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, ក្លែងបន្លំលិខិតបេសកកម្មរបស់នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌, ប្រើប្រាស់ និងជួញដូរអាវុធខុសច្បាប់។
សូមបញ្ជាក់ថា ជនសង្ស័យរូបនេះ ត្រូវបានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ខ្លួននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដកហូតបានអាវុធខ្លី ១ដើម ម៉ាកTACTICAL23 លេខ WET5168 និងបង់ចំនួន ២(កាំភ្លើងហ្គាស),គ្រាប់អាវុធប្រភេទ 9mm ចំនួន ១២គ្រាប់,ខ្នោះដៃ ចំនួន ១គូ, វិទ្យុទាក់ទងម៉ាកម៉ូតូរ៉ូឡាចំនួន ១គ្រឿង ,ស្រោមអាវុធខ្លី ចំនួន ៤ស្រោម ,កាតនគរបាលជាតិក្លែងក្លាយចំនួន ២សន្លឹក ,ស័ក្តិថ្នាក់វរសេនីយ៍ទោ ១គូ ,កាតនគរបាលព្រហ្មទណ្ឌក្លែងក្លាយ ចំនួន ២សន្លឹក ,មួកនគរបាលជាតិថ្នាក់វរសេនីយ៍ចំនួន ២ និងថ្នាក់អនុសេនីយ៍ ១ ,ឯកសណ្ឋាននគរបាលជាតិចំនួន ៦កំប្លេ ,ឯកសារក្លែងក្លាយ មានលិខិតបទដ្ឋានរបស់ក្រសួងមហាផ្ទៃ. របស់នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងរបស់នាយកដ្ឋានព្រហ្មទណ្ឌ មួយចំនួនធំ ។ ,ប្រអប់ដាក់អាវុធខ្លីម៉ាក CZ ចំនួន១ ,ម៉ាស៊ីនកាត់កាត ចំនួន ១គ្រឿង ,អាវក្រោះការពារគ្រាប់ចំនួន ១អាវ ,អាវកាក់ពាក់ពីលើឯកសណ្ឋាននគរបាលជាតិចំនួន1 ,កាបូបដាក់សម្ភារៈចំនួន ៣ ,ស្បែកជើងកវែងចំនួន ១គូ និងបានប្រគល់មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបន្ដសួរនាំ និងចាត់ការតាមនីតិវិធី។
ក្រោយបញ្ចប់ការសួរនាំ និងកសាងសំណុំរឿងចប់សព្វគ្រប់ ជនសង្ស័យត្រូវបានកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ៕ ប្រភព ៖ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល