កាប់០២កាំបិតប្លន់យកម៉ូតូពីបុរសម្នាក់ទៅបាត់ ព្រឹកឡើងសមត្ថកិច្ចល្បាត ប្រទះឃើញម៉ូតូជនរងគ្រោះដែលក្រុមចោរបានលាក់ទុកបម្រុងយកទៅលក់បន្ត ប្រគល់ឲ្យម្ចាស់ម៉ូតូវិញ
សន្តិសុខសង្គម
344

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ល្បាតក្នុងភូមិសាស្ត្រ ប្រទះឃើញម៉ូតូមួយគ្រឿង ដែលត្រូវបានក្រុមចោរធ្វើសកម្មភាពប្លន់ពីបុរសម្នាក់ បានសម្រេចកាលពីវេលាម៉ោង ៤យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុងចូលតាម QMI ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលត្រូវបានក្រុមចោរនោះ យកមកលាក់ទុកប្លុងចោលបម្រុងយកទៅលក់បន្ត នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ដដែល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ែន អេរ៉ាក់ ភេទប្រុស អាយុ១៨ឆ្នំា មុខរបរដឹកអីវ៉ាន់តាមOnline ស្នាក់នៅភូមិទួលរកា សង្កាត់ព្រៃស ខណ្ឌដង្កោ បានមកប្តឹងសមត្ថកិច្ចថា មុនពេលកើតហេតុ ខ្លួនទើបតែដឹកឥវ៉ាន់តាមOnline ចប់ម៉ោងការងារ ក៏អង្គុយលេងនៅមុខវិមានឯករាជ្យ ស្រាប់តែមាននារីម្នាក់ស្គាល់គ្នា ទើបតែបាន២ថ្ងៃ ឆាតតាម Facebook មកយក ជនរងគ្រោះក៏ជិះម៉ូតូឌ្រីមសេ ១២៥ ដែលពាក់ស្លាកលេខ ភ្នំពេញ 1FB-7943 មកយកនារីនោះ ដើម្បីរកកន្លែងគេង ស្រាប់តែជិះមកដល់ផ្លូវចូលខាងក្នុងQMIក៏លេចមុខជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពទាញដាវស៊ាំមូរ៉ៃ កាប់ប្រហារ ២កាំបិត និងយកដុំថ្មគប់ទៅជនរងគ្រោះបណ្ដាលឲ្យរងរបួស រត់ចុះពីលើម៉ូតូ ហើយត្រូវជនសង្ស័យទាំងនោះ លើកម៉ូតូរបស់ខ្លួនជិះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុតែម្តង និងបានទៅដាក់ពាក្យបណ្តឹងផងដែរ ។

លុះនៅព្រឹកថ្ងៃដដែល សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ល្បាតក្នុងភូមិសាស្ត្រ ប្រទះឃើញម៉ូតូមួយគ្រឿង ដែលត្រូវបានក្រុមចោរធ្វើសកម្មភាពប្លន់ពី ជនរងគ្រោះនោះ យកមកលាក់ទុកប្លុងចោលបម្រុងយកទៅលក់បន្ត ទើបសមត្ថកិច្ចយកម៉ូតូនោះ មកប្រគល់ជូនម្ចាស់ដើមវិញផងដែរ និងបន្តស្រាវជ្រាវរកជនសង្ស័យទាំងនោះបន្តទៀត ដើម្បីយកមកចាត់ការតាមច្បាប់៕


Telegram