រាជធានីភ្នំពេញ ៖ យោងតាមផេក នាយកដ្ឋានបង្ការនិងពន្លត់អគ្គិភ័យបានបញ្ជាក់ថា មានមនុស្សយ៉ាងហោចណាស់ ០៤នាក់ បានស្លាប់យ៉ាងរន្ធត់នៅក្នុងភ្នក់ភ្លើង ដោយឆេះខ្លោចមើលស្ទើរលែងយល់ ក្នុងករណីអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង ដោយបានឆេះបំផ្លាញទាំងរថយន្ត Ford Willdrak រថយន្តឡិចស៊ីស ៣៣០ និងម៉ូតូ៧គ្រឿង ខ្ទេចអស់ទាំងស្រុងតែម្តង បង្កការភ្ញាក់ផ្អើលខ្លាំង កាលពីវេលាម៉ោង ៤ និង៣០នាទី យប់ឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៤៤ និង៤៦ ផ្លូវលេខ២០០ ក្រុម០២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់នៅលើផេកនាយកដ្ឋានបង្ការនិងពន្លត់អគ្គិភ័យ ម្ចាស់ផ្ទះមានឈ្មោះ ហុង ពេជ្រហោះ ភេទ ប្រុស អាយុ ៧១ ឆាំ្ន ជាមនុស្សជរានៅផ្ទះ ។
ក្នុងនោះអគ្គិភ័យនេះបានឆាបឆេះ ថ្មបេតុង ទំហំ០៩ម៉ែត្រx ៣០ម៉ែត្រ ចំនួន ០៣ ជាន់ ដោយដំបូងឡើយ បានឆេះផ្ទះជាន់ផ្ទាល់ដីទំហំ ០៩ ម៉ែត្រx ៣០ ម៉ែត្រ អស់ទាំងស្រុង រួមទាំងឆេះសម្ភារផ្សេងៗទៀត និងឆេះបំផ្លាញអស់ រថយន្តFord Willdrak ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB-8233 ចំនួន ០១ គ្រឿង ,ឆេះរថយន្តLuxus ៣៣០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-1158 ចំនួន ០១ គ្រឿង ,ឆេះម៉ូតូសរុបចំនួន ០៧ គ្រឿង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
ប៉ុន្តែអ្វីដែលរន្ធត់នោះ គឺមានមនុស្សប្រុសចំនួន ០៤ នាក់ ដែលមិនទាន់ស្គាល់អត្តសញ្ញាណត្រូវបានភ្លើងឆេះស្លាប់ ខណៈ មនុស្ស ម្នាក់ទៀត រងរបួសស្រាល គឺឈ្មោះ ម៉ូច សីហា ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ មន្រ្តីកិច្ចសន្យាអគ្គិភ័យ។
ហេតុការណ៍ឆាបឆេះដល់ស្លាប់មនុស្សនេះ ក៏មានការអន្តរាគមន៍ពីខាង រថយន្តការិយា ល័យ អគ្គិភ័យ ចំនួន ៣៨ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣៨ ឡាន ស្មើនឹង ១៥២ ម៉ែត្រគូប និងមានរថយន្តជំនួយអន្តរាគមន៍ពន្លត់ដូចជា៖ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ ឡាន ទើបរលត់ទៅវិញនៅម៉ោង៦ព្រឹកថ្ងៃដដែល ។ ចំណែកមូលហេតុ នៅមិនទាន់ដឹងនោះទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។
ប៉ុន្តែសូមបញ្ជាក់ថា រហូតមកទល់នឹងម៉ោង ៩និង៣៣នាទីព្រឹកនេះ សមត្ថកិច្ចបាននិងកំពុងហ៊ុព័ទ្ធខ្សែនៅទីតាំងកើតហេតុនៅឡើយ ដើម្បីបើកការស៊ើបអង្កេតបន្ត ៕