រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ខណៈប្រជាពលរដ្ឋ បានប្រទះឃើញសាកសពយុវជនម្នាក់ បានស្លាប់នៅចិញ្ចើមផ្លូវ ដោយម៉ូតូនោះបានហោះផ្លោងប្រមាណ ៣០ម៉ែត្រ ឆ្ងាយពីសព ខណៈសមត្ថកិច្ចបញ្ជាក់ថាគឺជាករណីគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីសមត្ថកិច្ចបានបើកការស្រាវជ្រាវតាំងពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ រហូតមកទល់នឹងព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុចមុខផ្ទះលេខ៧០១ ផ្លូវលេខ៣៩MC ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយបើកការស្រាវជ្រាវ ទើបដឹងថា សាកសពមានឈ្មោះ លាង ហេង ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិតផ្នែកសំណង់ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ក្នុងនោះសមត្ថកិច្ចបានប្រាប់មកកាន់ TVFB ថា ករណីនេះ ជាករណីគ្រោះថ្នាក់ចរាចរណ៍ មិនមែនជាករណីក្មេងស្ទាវវាយគ្នាស្លាប់ ឬករណីឃាតកម្មអ្វីនោះទេ ។ ក្រោយសមត្ថកិច្ចបានបើកការស្រាវជ្រាវតាំងពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ រហូតមកទល់នឹងព្រឹកថ្ងៃទី២៩ រួមទាំងរូបភាពពីកាមេរ៉ាសុវត្ថិភាពចេញពីមុខផ្ទះរបស់ប្រជាពលរដ្ឋបញ្ជាក់ថា ជនរងគ្រោះបានជិះម៉ូតូម៉ាកស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FQ-6468 ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកជាមួយជើងឆ័ត្រ ហើយដួលអូសបោកស្លាប់យ៉ាងរន្ធត់ ចំណែកម៉ូតូមិនទាន់អស់ល្បឿនបានផ្លោងអូសប្រមាណ៣០ម៉ែត្រ ទៅបុកនឹងថូផ្កានៅមុខផ្ទះរបស់ប្រជាពលរដ្ឋតែម្តង ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុន២ សហការជាមួយនគរបាលចរាចរណ៍ខណ្ឌមានជ័យ និងអាជ្ញាធរសង្កាត់បឹងទំពុនទី២ ធ្វើការចុះពិនិត្យសាកសួរនិងវាស់វែងនៅទីតាំងកើតហេតុ ដោយមានទាំងរថយន្តសាមុយមកធ្វើសំណាកទៅលើសាកសពផងដែរ រួចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕