គណៈកម្មការបំផ្លាញគ្រឿងញៀនខេត្តស្វាយរៀងប្រជុំពិនិត្យបើក បិទកញ្ចប់និងវេចខ្ចប់ វត្ថុតាងថ្នាំញៀន ចំនួន៥៧សំណុំរឿង សរុបមានទម្ងន់ ៣៣.៣១៩,២៦ ក្រាម
សន្តិសុខសង្គម
158

ខេត្តស្វាយរៀង ៖ គណៈកម្មការបំផ្លាញគ្រឿងញៀនខេត្តស្វាយរៀង បានធ្វើការប្រជុំពិនិត្យបើក បិទកញ្ចប់និងវេចខ្ចប់ វត្ថុតាងថ្នាំញៀន លើសំណុំរឿងព្រហ្មទណ្ឌ (ដំណាក់កាលស៊ើបសួរ ដំណាក់កាលជនុំជម្រះ និងដំណាក់កាលសាលក្រមស្ថាពរ ) ដើម្បីបញ្ជូនទៅអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើពិធីដុតបំផ្លាញចោលក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលខាងមុខ ដែលការប្រជុំពិនិត្យបើក បិទកញ្ចប់និងវេចខ្ចប់ វត្ថុតាងថ្នាំញៀននេះ ធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅសាលាដំបូងខេត្តស្វាយរៀង។

ពិធីនេះ ធ្វើឡើងដោយមានការចូលរួមពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការបំផ្លាញគ្រឿងញៀនខេត្តស្វាយរៀង , ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានលេខាធិការការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត,លោក ទេព ផល្លា ប្រធានលេខាធិការដ្ឋានរដ្ឋបាល សាលាដំបូងខេត្ត, លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្ត ,លោក វរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត រួមនិងមន្រ្តីជំនាញពាក់ព័ន្ធ។

ក្នុងនោះ វត្ថុតាងថ្នាំញៀនដែលចាប់រឹបអូសបាន ក្នុងកិច្ចប្រតិបត្តិការរបស់មន្រ្តីនគរបាលយុត្តិធម៌ក្នុងឆ្នាំ២០២០-២០២១ សរុបមានចំនួន៥៧សំណុំរឿង ដែលគណៈកម្មការសម្រេចបើកកញ្ចប់ទាំងអស់ និងបញ្ចូលទៅក្នុងកញ្ចប់រួមសរុបមានទម្ងន់ ៣៣.៣១៩,២៦ ក្រាម ក្នុងនោះរួមមាន៖

- ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ២៧.៣៤៨,៩៦ក្រាម

- ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ៣.១៨៦,៦០ក្រាម

- ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ីទម្ងន់ ១.៣២២,៩២ក្រាម

- ថ្នាំញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់ ១.៤៦០,៧៨ក្រាម

- សារធាតុគីមីផ្សំ៤មុខទម្ងន់ ១.០៣៩,៥០ក្រាមនិង៧ដបតូច ផងដែរ៕


Telegram