ខេត្តកំពង់ចាម ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា យ៉ាងហោចណាស់ ស្ត្រីម្នាក់ ដែលជាកូនម្ចាស់ស្ថានីយ៍លក់ប្រេងឥន្ធនៈមួយកន្លែង បានស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងរន្ធត់ពេលចូលទៅយកទ្រព្យសម្បត្តិ ខណៈឆ្លងចរន្តអគ្គីសនី បាញ់ប្រេងបញ្ចូលកាន បណ្តាលអោយផ្ទុះឆេះបង្កជាអគ្គិភ័យលេបត្របាក់ការ៉ាស់សាំងនេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ៦ និង៤៥នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្រោយពីទទួលពត៌មាន លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាដឹកនាំកម្លាំងជំនាញ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន នគរបាលស្រុកចំការលើចំនួន ០១គ្រឿង រថយន្តពន្លត់អគ្គីភ័យការិយាល័យនគរបាលខេត្តចំនួន០៣គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ចំនួន០២គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀមចំនួន០១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរចំនួន០១គ្រឿង សរុបចំនួន ០៨គ្រឿង ចុះទៅអន្ដរាគមន៍ជួយពន្លត់។
ក្នុងហេតុការណ៍នេះ មន្ត្រីនគរបាលស្រុកចំការលើ បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ជឹម រីន ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ហើយក្នុងនោះ ករណីអគ្គិភ័យនេះ ក៏បាន បណ្តាលឲ្យស្លាប់ជនរងគ្រោះម្នាក់ឈ្មោះ អឿន រដ្ឋា ភេទស្រី អាយុ ៣០ឆ្នាំ (កូនម្ចាស់ផ្ទះ ដោយសារជនរងគ្រោះចូលយកទ្រព្យសម្បត្តិក្នុងផ្ទះ) ។
មន្ត្រីនគរបាលរូបនោះ បានបញ្ជាក់បន្ថែមទៀតថា ក្នុងនោះអគ្គិភ័យនេះ ក៏បានឆេះបំផ្លាញស្ថានីយ៍ប្រេង និងផ្ទះស្នាក់នៅសង់អំពីឈើប្រក់ក្បឿងជញ្ជាំងក្ដារ ទំហំ ៧ម៉ត្រ គុណ ៩ម៉ែត្រ (ឆេះអស់១០០%) រថយន្តម៉ាកលុចស៊ីស៣៣០ ចំនួន០១គ្រឿង ម៉ូតូសេ១២៥ ចំនួន០១គ្រឿង និងប្រាក់ចំនួនទៀត។ ចំណែកមូលហេតុ បណ្តាលមកពីការ ឆ្លងចរន្តអគ្គីសនី បាញ់ប្រេងបញ្ចូលកាន បណ្តាលអោយផ្ទុះឆេះ តែម្តង។
ក្នុងនោះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ០៨គ្រឿង ប្រើប្រាស់អស់ទឹក ០៩ រថយន្តទើបរលត់អស់១០០% នៅវេលាម៉ោង ៨ និង៤០នាទីយប់ ថ្ងៃដដែល៕