ខេត្តកណ្ដាល៖ បុរសជនជាតិចិនម្នាក់ បានស្លាប់យ៉ាងរន្ធត់ ខណៈជិះម៉ូតូតាមដងផ្លូវ ហើយត្រូវបានរថយន្តម៉ាក FUSO ធុនធំមួយគ្រឿង បើកមកបុកពីក្រោយ ស្លាប់មួយរំពេច រួចហើយរថយន្តនោះ ក៏បានបន្តបុកពីក្រោយរថយន្តប្រភេទក្រឡុងស៊ីម៉ង់ត៍ មួយគ្រឿងទៀត តែមិនចង់មានរឿងវែងឆ្ងាយ រថយន្តក្រឡុងស៊ីម៉ង់ត៍នោះ បានបន្តល្បឿនបើកចេញទៅបាត់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងជិត១០ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មុខច្រកចូលបុរីពិភពថ្មី២ ផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ YUAN RONGBIAO ជនជាតិចិន ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅក្នុងរោងចក្រតម្បាញ ZHONG HONG ស្ថិតនៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ចំណែកអ្នកបើកបររថយន្តមានឈ្មោះ សឿន សុម៉ានុត ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក FUSO ប្រភេទបែនដឹកដី ពាក់ស្លាកលេខ ភ្នំពេញ 3A-2688 អ្នកបើកបរដោយបុរសម្នាក់ ពីជើងទៅត្បូង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏បុកពីក្រោយម៉ូតូមួយគ្រឿងម៉ាក HONDA WAVE RS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BZ-4588 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងទិសដៅស្របទិសគ្នាបើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់មួយរំពេច បន្ទាប់មករថយន្តម៉ាកFUSOនោះ ក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តក្រឡុងស៊ីម៉ង់ត៍មួយគ្រឿងទៀតស្របទិសគ្នាបន្ថែម តែដោយសាររថយន្តក្រឡុកស៊ីម៉ង់ត៍នោះមិនចង់មានរឿងវែងឆ្ងាយ ក៏បើកចេញទៅបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ក្រុងតាខ្មៅ បានចុះមកធ្វើការវាស់វែងនៅទីតាំងកើតហេតុ ដោយបានយករថយន្តខាងលើ និងម៉ូតូជនរងគ្រោះ រួមទាំងអ្នកបើកបររថយន្ត ទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរ និងបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជំនាញ ខេត្តកណ្តាល រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕