រាជធានីភ្នំពេញ ៖ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ដែលបង្ហោះកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១ យប់ បានបញ្ជាក់ថា មន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភំ្នពេញ សហការជាមួយ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ និង មន្រ្តីមន្ទីរពាណិជ្ជកម្ម រាជធានីភំ្នពេញ ចុះផ្សព្វផ្សាយ និងត្រួតពិនិត្យ ការដាក់លក់ឧបករណ៌សម្រាប់ធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ១៩ ។
ក្នុងនោះ សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល គឺមិនអនុញ្ញាតឲ្យប្រើប្រាស់ និងដាក់លក់ឧបករណ៌សម្រាប់ធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ១៩ លើទីផ្សារនោះទេ ។
ដូច្នេះហើយ ទើបមន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភំ្នពេញ សហការជាមួយ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ និង មន្រ្តីមន្ទីរពាណិជ្ជកម្ម រាជធានីភំ្នពេញ ចុះផ្សព្វផ្សាយ និងត្រួតពិនិត្យ នៅតាមឱសថស្ថានដែលមានទីតាំងស្ថិតនៅម្តុំផ្សារអូឡាំពិក និងផ្សារតាប៉ាង ដែលមានឱសថស្ថានចំនួន ៨៦ ក្នុងខណ្ឌចំនួន ០៣ ក្នុងនោះមានខណ្ឌបឹងកេងកង ខណ្ឌ៧មករា និងខណ្ឌដូនពេញ។
ជាលទ្ធផល ឱសថស្ថានទាំងអស់នោះ ពុំមានដាក់លក់ និងពុំដែលធ្លាប់មានលក់ឧបករណ៍តេស្តរកអង់ទីគ័រការពារជំងឺកូវីដ១៩ ឡើយ និងបានណែនាំឱសថស្ថានទាំង ៨៦ទីតាំង មិនឲ្យមានការដាក់លក់ បើមិនមានការអនុញ្ញាត និងទទួលស្គាល់ពីក្រសួងសុខាភិបាល ៕