នៅថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់មន្ត្រីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពលោក ឡៅ វណ្ណា អាយុ ៥០ឆ្នាំ ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩ កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១កន្លងទៅ ដែលនេះជាករណីស្លាប់លើកទី១ នៅកម្ពុជា។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម វេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ ឯកឧត្តមវេជ្ជ . បានលើកទឹកចិត្តដល់ភរិយានៃសពត្រូវមានស្មារតីរឹងប៉ឹង ខិតខំតស៊ូដើម្បីជីវភាពគ្រួសារ និងអនាគតរបស់កូនៗ។
ទន្ទឹមនឹងនេះ សូមក្មួយៗជាកូនត្រូវខិតខំសិក្សារៀនសូត្រឲ្យបានពូកែដើម្បីអនាគតភ្លឺស្វាង និងត្រូវធ្វើខ្លួនជាកូនល្អ មិត្តល្អ ពលរដ្ឋល្អនៅក្នុងសង្គម។
បន្ថែមពីនេះ សូមអនុវត្តឲ្យបានម៉ឺងម៉ាត់នូវការបន្តធ្វើចត្តាឡីស័ក និងយកសំណាកឲ្យបានត្រឹមត្រូវតាមការកំណត់របស់គ្រូពេទ្យ ជាពិសេសអនុវត្ត ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង , ទឹកក្រូច៥កេស និងថវិកាចំនួន ៥លានរៀល៕