រាជធានីភ្នំពេញ ៖ សមត្ថកិច្ចបានបញ្ជាក់ថា បុរសម្នាក់ ដែលមានឈ្មោះ ម៉ៅដូង ហៅអាខ្មៅ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ បន្ទាប់ពីខឹង.កា.ប់.គេមិនបាន ទាញដែកកេះដុតផ្ទះបងប្អូនប្រជាពលរដ្ឋ៦បន្ទប់ផ្អើល ហើយរត់ចូលព្រៃ ក្រោយដុតផ្ទះរបស់គេ កាលពីវេលាម៉ោង ៥ និង១០នាទី ល្ងាច ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ៥០៨ ក្រុម២៥ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ជាក់ថា អគ្គិភ័យនេះបានឆាបឆេះផ្ទះដែលមានម្ចាស់ឈ្មោះ ញ៉ែម ផន អាយុ៦៩ឆ្នាំ ជាប្រភេទសំណង់ផ្ទាល់ដី ជញ្ជាំងឈើ ប្រក់សង្ក័សី មួយខ្នង បណ្តាលឲ្យខូចខាត ៦បន្ទប់ ដែលមានទំហំ ៤គុណ ៦ម៉ែត្រ ខូចខាតកង្ហារ២គ្រឿង ខូចអាវមួយចំនួន និងខ្សែកផ្លាទីន ១ខ្សែ តែគ្មានអ្នករងរបួសនោះទេ។
ក្នុងនោះសមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន និងរថយន្តក្រសួងមហាផ្ទៃ ចំនួន មួយគ្រឿង ពុំបានប្រើប្រាស់ទឹក ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃដដែល។
ចំណែកមូលហេតុ សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីឈ្មោះ ម៉ៅដូង ហៅអាខ្មៅ ដែលមានសតិមិនគ្រប់ជាអ្នកលួចដុត ហើយក៏រត់ចូលព្រៃក្នុងបឹង តែក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានវិញ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់បន្តទៀត៕