ដាំបាយ ផ្ទុះកំប៉ុងហ្គាសឆេះផ្ទះខ្ទេចអស់២ខ្នងយ៉ាងសន្ធោសន្ធៅ គិតជាទឹកប្រាក់អស់ជាង ៨០,០០០ដុល្លារ នៅខេត្តព្រៃវែង
សន្តិសុខសង្គម
517

ខេត្ត ព្រៃវែង ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១២ថ្ងៃត្រ ង់ ត្រូវនឹងថ្ងៃ៣០ ខែ មិថុនា ឆ្នាំ ២០២១ នៅចំណុចភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ រួមមាន ៖

១- ផ្ទះឈ្មោះ ឌឿន យ៉េក ភេ ទ ប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិត្នោត ឃុំរកា ស្រុកពារាំង ផ្ទះធ្វើពីឈើប្រក់ក្បឿង ជញ្ជាំងក្តា ទំហំ ៨x៨ម៉ែត្រ ត្រូវបាន ភ្លើងឆេះអស់ទាំងស្រុង បណ្តាលឲ្យឆេះខូចខាតនិងបាត់បង់ មាស ០១ តម្លឹង ៥ជី,ប្រាក់រៀល ០៧ លានរៀល,ម៉ូតូ ០១ គ្រឿង, ស្រូវ ៤០ បេ,ម៉ាស៊ីនបូមទឹកម៉ាស៊ូត ០២ គ្រឿង ,ម៉ាស៊ីនសាំង ០១ គ្រឿង និងខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត ។ សរុបការខូចខាតអស់ប្រមាណ ៣៥,០០០ ដុល្លារ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា បន្ទាប់ពីឆេះផ្ទះឈ្មោះ ឌឿន យ៉េក ហើយក៏បានឆេះឆ្លងមកផ្ទះមួយទៀតឈ្មោះ សឿន ណាត ភេទ ប្រុស អាយុ ៥៤ ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ អស់ផ្ទះទំហំ ៧x១១ ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង ជញ្ជាំងក្តា ត្រូវបានភ្លើងឆេះអស់ទាំងស្រុង និងបាមឆេះបំផ្លាញ ប្រាក់រៀល ១០ លានរៀល និងខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត ។ សរុបការខូចខាតអស់ប្រមាណ ៤៧,០០០ ដុល្លារ ។

ក្នុងហេតុការណ៍ឆេះខាងលើនេះ សមត្ថកិច្ចក៏បានបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៣ គ្រឿង ប្រើទឺកអស់ចំនួន ០៥ ឡាន រួមមាន ៖

- រថយន្តស្រុកពារាំងអស់ទឹកចំនួន ០៣ រថយន្ត

- រថយន្តស្រុកពោធិ៍រៀងអស់ទឹក ចំនួន ០១ រថយន្ត

- រថយន្តស្នងការដ្ឋានខេត្តព្រៃវែងអស់ទឹក ចំនួន ០១ រថយន្ត ។

សមត្ថកិច្ចបានឲ្យដឹងទៀងផងដែរថា ចំពោះមូលហេតុ បើតាមការសន្និដ្ឋាន គឺឆេះចេញពីផ្ទះឈ្មោះ ឌឿន យ៉េក បានដាំបាយ ហើយបានផ្ទុះកំប៉ុងហ្គាស (ពេលកំពុងដាំបាយ) ក៏បានឆេះរាលដាលអស់ទាំង ០២ ផ្ទះ ឆេះអស់ទាំងស្រុង ហើយពុំមានបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្ស និងសត្វឡើយ៕ ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ


Telegram