ខេត្តពោធិ៍សាត់ ៖ កម្លាំងអធិការ ដ្ឋាននគរបាលស្រុកតាលោសែនជ័យ សហការ ជាមួយ កម្លាំង ប៉ុស្តិ៍ នគរបាលរដ្ឋបាលផ្ទះ រុង ចុះបង្ក្រាបល្បែងស៊ីសងជល់មាន់ មួយកន្លែង ដកហូតបានម៉ូតូ០៧គ្រឿង មនុស្សវិញនាំគ្នារត់គេចខ្លួនបាត់អស់តែម្តង កាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ ២០២១ នៅចំណុចទួលតាសុខស្ថិតក្នុងភូមិស្ដុកខ្ទុំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ការបង្ក្រាបនេះ មានការដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ បានចុះបង្ក្រាបល្បែងស៊ីសងជល់មាន់ខាងលើ។
ក្នុងនោះ លោកអធិការ អ៊ុល ហៃ បានឲ្យដឹងថា ចំពោះអ្នកលេងបានរត់គេចខ្លួនអស់ ដោយបន្សល់ទុកនូវវត្ថុតាងរួមមាន ៖ ម៉ូតូចំនួន០៧គ្រឿង, ស៊ុក្រុងមាន់ចំនួន០១, ធុងប៉េត្រូចំនួន០១, បោយទឹកចំនួន០១, ក្បាលជ័រខ្មៅចំនួន០១, ឆ្នាំងដាំទឹកមាន់ចំនួន០១, កូនកៅអីជ័រចំនួន០២, មួកសុវត្តិភាពចំនួន០២។
ចំណែកឯសង្វៀនជល់មាន់ចំនួន០២ត្រូវបានសមត្ថកិច្ចយើងដុតបំផ្លាញចោលនៅនឹងកន្លែង។ រីឯវត្ថុតាងខាងលើ សមត្ថកិច្ចបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់បន្តទៀត៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ