រាជធានីភ្នំពេញ៖ បុរសម្នាក់មានជំងឺប្រចាំកាយ និងងងឹតភ្នែកទាំងសងខាង បានដើរវង្វេងផ្លូវហើយបានត្រូវរថយន្ដមិនស្គាល់ម៉ាក បុកនិងកិនបណ្ដាលឲ្យស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នៅតាមផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាច់ញាតិបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ចាន់ សុភាព (ហៅពែក) ភេទប្រុស អាយុ៣០ឆ្នាំ ជាមនុស្សមានជំងឺរលាកស្រោមខួរ និងងងឹតភ្នែកទាំងសងខាង ស្នាក់នៅផ្ទះលេខ១៥០៥ (ខាងត្បូងសាលាសង្កាត់ចាក់អង្រែក្រោម ៤០ម៉ែត្រ) ផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានកាន់ឈើច្រត់មួយ ដើរចេញពីផ្ទះដល់ផ្លូវ៦០ម៉ែត្រ ក៏បានដើរឆ្លងផ្លូវ ហើយត្រូវបានរថយន្តមិនចាំម៉ាក បើកបុកបណ្ដាលឲ្យដួល ហើយក៏មានរថយន្តមួយគ្រឿងទៀត កិនបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង ផ្អើលដល់សមត្ថកិច្ច ទាក់ទងទៅសាច់ញាតិក្រុមគ្រួសារមកដល់ ហើយត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី និងស្រាវជ្រាវរករថយន្តបង្ក មកដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕