រាជធានីភ្នំពេញ ៖ មន្ត្រីយោធាម្នាក់ បានស្លាប់យ៉ាងរន្ធត់ គងនៅលើចង្កូតម៉ូតូបះគូទឡើងលើ ជាប់ទ្រឹងនៅកន្លែងកើតហេតុ ខណៈចេញពីបន្ទាយជិះម៉ូតូមកលេងប្រពន្ធនៅផ្ទះ បែរជាទៅបុកគូទរថយន្តដឹកខ្សាច់ពេញទំហឹង ចំណែករថយន្តនោះ បើកចេញទៅបាត់ សល់តែសពជនរងគ្រោះគងនៅពីលើម៉ូតូឈរទ្រឹងតែម្តង កាលពីវេលាម៉ោង ១០និង១៥នាទីយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីម្ដាយក្មេកជនរងគ្រោះ បានឲ្យដឹងថា កូនប្រសាររបស់គាត់ជាមន្ត្រីយោធា ហើយមុនពេលកើតហេតុ កូនបានប្រាប់មកប្រពន្ធថា នឹងមកលេងប្រពន្ធនៅផ្ទះដើម្បីយកលុយមកឲ្យ តែបែរជាមកស្លាប់បែបនេះទៅវិញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូហុងដាសេ១២៥ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1IO-8770 បានបុកគូទរថយន្តដឹកខ្សាច់ មិនចាំស្លាកលេខ មួយគ្រឿង ពេញទំហឹង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតគងនៅលើចង្កូតម៉ូតូបះគូទឡើងលើ ជាប់ទ្រឹងនៅកន្លែងកើតហេតុ ចំណែករថយន្តដឹកខ្សាច់នោះ មិនបង្អន់យូរ គឺបានបន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោល នៅសល់តែសពជនរងគ្រោះគងនៅពីលើម៉ូតូឈរទ្រឹងតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារ មកដល់កន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីស្រាវជ្រាវរករថយន្តពាក់ព័ន្ធ មកដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕