រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្រោយបានធ្វើសកម្មភាព វាយប្លន់យកទូរស័ព្ទដៃ ពីក្មេងស្រីអាយុ១០ឆ្នាំម្នាក់ បានសម្រេចហើយជិះម៉ូតូរត់គេចខ្លួន យកទៅលក់បានលុយ៨០ដុល្លារ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ០៤៤ ផ្លូវ លំ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ភុំ សុភា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកកុមារីរងគ្រោះមានអាយុ ១០ឆ្នាំ ត្រូវបានជនសង្ស័យជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1DD-9264 មកឈប់ក្បែរកន្លែងកើតហេតុ រួចចុះមកវាយប្លន់ យកទូរស័ព្ទដៃ០១គ្រឿង ម៉ាក Oppo ពណ៌ប្រផេះ ដែលកំពុងរៀនតាមអនឡាញនៅមុខផ្ទះ ចំដើមទ្រូង រួចហើយក៏យកទូរសព្ទពីដៃក្មេង ជិះម៉ូតូគេចខ្លួនទៅលក់ឲ្យគេនៅតាមផ្លូវម្តុំផ្សារគគីរ ស្រុកៀនស្វាយ យកទៅលក់បានលុយ ៨០ដុល្លារ ស៊ីចាយអស់។
លុះនៅវេលាម៉ោង៩ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រួមនិងវត្ថុតាងម៉ូតូ១គ្រឿង ជិះធ្វើសកម្មភាព បញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់តែម្តង៕