រាជធានីភ្នំពេញ៖ រថយន្តម៉ាកស្តារិចមួយគ្រឿង បើកបរដោយបុរសម្នាក់ សង្ស័យដាច់ក្រឡេកង់ខាងឆ្វេង បណ្ដាលឲ្យរេចង្កូតបុកឡើងទៅលើសួនច្បារពុះចែកទ្រូងផ្លូវ មិនទាន់អស់ល្បឿនបន្តបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវ ០១ដើមទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១ និង៥០នាទី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវ២១៧ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីអ្នកបើកបររថយន្តបានបញ្ជាក់ប្រាប់ថា មុខពេលកើតហេតុ គាត់បានធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ពីជើងទៅត្បូង ក៏ស្រាប់តែរថយន្តរបស់គាត់ បានដាច់ក្រឡេកង់ខាងឆ្វេង បណ្ដាលឲ្យឡើងទៅលើសួនច្បារពុះចែកទ្រូងផ្លូវ រួចមិនទាន់អស់ល្បឿន បុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តោយឲ្យអ្នកណាម្នាក់រងរបួសនោះទេ គ្រាន់តែរងការខូចខាតរថយន្តដាច់កង់ទៅមុខលែងរួច។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបានធ្វើការវាស់វែងយករថយន្តខាងលើ យកទៅរក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ មេសា