ខេត្តព្រះសីហនុ ៖ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ ប្រាប់មកកាន់អង្គភាព TVFB នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះថា ចំពោះករណីហិង្សាមួយបានកើតឡើង កាលពីវេលាម៉ោង០៩ និង៣០នាទីយប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចកាស៊ីណូទឹងស៊ីង ក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គឺពិតជាមានករណីហិង្សាមែន តែចំពោះការផ្ទុះអាវុធវិញនោះ លោកមិនទាន់អាចបញ្ជាក់ច្បាស់បាននៅឡើយ ដោយសារតែកម្លាំងរបស់លោក កំពុងតែធ្វើការបន្តលើករណីនេះ ។
ដោយឡែកនៅយប់ថ្ងៃកើតហេតុភ្នាក់ងារអង្គភាព TVFB បានចុះទៅដល់កន្លែងកើតហេតុ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋថា មានករណីហឹង្សាគឺផ្តើមចេញពីជនជាតិចិន បានចេញចូលក្នុងក្រុមហ៊ុនកាស៊ីណូខាងលើ ដោយគ្មានការអនុញ្ញាត និងគ្មានកាតត្រឹមត្រូវ ទើបសន្តិសុខឃាត់សួរនាំមិនឲ្យចេញពីក្រុមហ៊ុន ក្រោយមកជនជាតិចិននោះ ខឹងក៏ផ្ទះអាវុធ២ទៅ៣គ្រាប់ បាញ់សំដៅទៅលើទ្វារច្រកចេញចូលកាស៊ីណូតែម្តង ប៉ុន្តែសំណាងល្អ ពុំបណ្តាលឲ្យមានមនុស្សរងរបួសនោះឡើយ ហើយក៏ឡើងរថយន្តគេចខ្លួនបាត់ស្រមោល ហើយក្នុងនោះ នគរបាលនៃអធិការក្រុងព្រះសីហនុ ក៏បាននាំខ្លួនសន្តិសុខម្នាក់ដែលជាជនរងគ្រោះមកធ្វើការសាកសួរផងដែរ ៕