រាជធានីភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស្តារិចមួយគ្រឿង បានបុករះរថយន្តចំនួន៥គ្រឿង ពេញទំហឹងជាបន្តបន្ទាប់ បណ្ដាលឲ្យមនុស្សចំនួន៦នាក់របួសស្រាល ចំណែករថយន្តវិញ រងការខូចខាតជាច្រើនគ្រឿង កាលពីវេលាម៉ោង ៩យប់ ថ្ងៃ៦ ខែកក្ដដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវ២៦៩ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីម្ចាស់រថយន្ត ស្លាកលេខ ខេមរភូមិន្ទ 2-1032 បានឲ្យដឹងថា មុនពេលកើតហេតុ គាត់មកពីដើរលេង ត្រឡប់ទៅផ្ទះវិញ ស្រាប់តែមកដល់ចំណុចកើតហេតុ នៅកម្ពុជាក្រោម ក៏មានរថយន្តស្តារិច មួយគ្រឿង ពាក់ស្លាកលេខ កណ្ដាល 2A-7247 បើកលឿនដូចហោះ បុករថយន្តគាត់ពេញទំហឹង បណ្ដាលឲ្យកូននិងប្រពន្ធរបស់គាត់ របួសស្រាល ភ្លាមនោះមិនទាន់អស់ល្បឿន ក៏បានបើកទៅបុករះត្រូវរថយន្តចំនួន ៤ គ្រឿងបន្ថែមទៀត រងការខូចខាត រួចម្ចាស់រថយន្តស្តារិចនោះ ក៏ចុះពីលើរថយន្ត រត់គេចខ្លួនបាត់ស្រមោល បន្សល់តែរថយន្តនៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះ ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ជំនាញ បានចុះមកធ្វើការវាស់វែង នៅទីតាំងកើតហេតុ ដោយបានយករថយន្តទាំង៦គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕