Update ៖ ឆ្លងចរន្តអគ្គិសនី ឆេះរោងស្តុកសម្ភារពិធីអាពាហ៍ពិពាហ៍ រាលដាលដល់រោងស្តុកទុកដែកជន្ទារ ១ទៀតឆេះយ៉ាងសន្ធោសន្ធៅ ប្រើឡានទឹកអស់៣៦ឡានទើបរលត់
សន្តិសុខសង្គម
557

រាជធានីភ្នំពេញ៖ រោងស្តុកសម្ភារៈពិធីអាពាហ៍ពិពាហ៍ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ រាលដាលដល់រោងស្តុកទុកដែកជន្ទារ មួយទៀត ឆេះហ៊ុយផ្សែងទ្រលោម បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច រួមទាំងរថយន្តពន្លត់អគ្គិភ័យ ចុះមកធ្វើការបាញ់ពន្លត់ កាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ១៥ ផ្លូវលំ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឃ្លាំងសម្ភារៈពិធីមង្គលការ ដែលអគ្គិភ័យនេះឆាបឆេះមានឈ្មោះ អ៊ុន សុខឈាន់ ភេទ ប្រុស អាយុ ៣២ ឆាំ្ន បាន ឆ្លងចរន្តអគ្គិសនីឆេះរោងខាងលើទំហំ ១៦x២៣ ម៉ែត្រ អស់ទាំងស្រុង និងបានឆេះរាលដល់រោងស្តុកទុកដែកជន្ទារ ទំហំ ១២ ម៉ែត្រx ២៣ម៉ែត្រ ចំនួន ០១ រោងទៀត ឆេះអស់ ៥០ ភាគរយ និងឆេះរោលជញ្ជាំងផ្ទះអ្នកជិតខាងប្រហែល ១០ ភាគរយ ផងដែរ តែគ្មាននរណាម្នាក់ រងរបួសនោះឡើយ ។

ភ្លាមៗ គេឃើញមាន រថយន្តការិយា ល័យ អគ្គិភ័យ ចំនួន ១៨ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣៦ រថយន្ត ស្មើនឹង ១៤៤ ម៉ែត្រគូប និងមាន រថយន្តជំនួយអន្តរាគមន៍ពន្លត់ ដូចជា៖

- រថយន្តក្រសួងមហាផ្ទៃចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ដ សើ្មនឹង ០៤ ម៉ែត្រគូប ។

-រថយន្តសាលាខណ្ឌឫស្សីកែវចំនួន០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ដ សើ្មនឹង ០៤ ម៉ែ ត្រគូប ។

- រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ដ សើ្មនឹង ០៦ ម៉ែត្រគូប ។

- រថយន្តក្រុមហ៊ុនប្រេងឥន្ទនៈសាវីម៉ីច ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ដ សើ្មនឹង ០៤ ម៉ែត្រគូប ទើបរលត់ទៅវិញនៅវេលាម៉ោង ១២ និង៥៥ នាទីថ្ងៃដដែល ៕ 


Telegram