រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងមួយបានកើតឡើង ដោយរថយន្តហាយឡែនឌ័រមួយគ្រឿង បើកបរដោយយុវជន២នាក់ សង្ស័យខ្វះការប្រុងប្រយ័ត្ន បានបុកចូលរបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវមាត់ទន្លេ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តហាយឡែនឌ័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AI 2771 បើកបរដោយយុវជន២នាក់យ៉ាងលឿន ក្នុងទិសដៅពីត្បូងទៅជើង តាមបណ្ដោយផ្លូវមាត់ទន្លេ មកដល់ចំណុចកើតហេតុ រថយន្តក៏បានរេចង្កូតចូលទៅក្នុងរបងផ្ទះលក់ដូរមួយកន្លែង បណ្ដាលឲ្យរងការខូចខាតមួយចំហៀងផ្ទះ ។ ចំណែកឯរថយន្តវិញ បានក្រឡាប់ផ្ងារជើងហូរប្រេងហូរសាំង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករបស់អធិការនគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការវាស់វែងយករថយន្តនិងម្ចាស់រថយន្តយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីរង់ចាំដោះស្រាយគ្នាជាមួយភាគីរងគ្រោះបន្តទៀត៕