សាហា.វមែន! ផឹកស៊ីក្នុងវង់ជាមួយគ្នា ទាស់ពាក្យសម្តីគ្នាប៉្រាវ ទាញកាំបិតហាន់សាច់ក្លែម ចា.ក់ស្លា.ប់ម្នាក់ របួសធ្ង.ន់ម្នាក់ រត់សម្ងំលាក់ខ្លួនក្នុងព្រៃបាន១យប់ ត្រូវសមត្ថកិច្ចតាមចាប់បាន
សន្តិសុខសង្គម
1.25K

ខេត្តសៀមរាប ៖ ឈាមស្រែកស្បែកហៅ! ករណីឃាតកម្មដ៍សាហាវមួយបានកើតឡើង ដោយជនដៃដល់ម្នាក់ បានយកកាំបិតហាន់សាច់ក្លែម ចាក់សម្លាប់ទៅលើភាគី បុរស២នាក់ទៀតដែលជាអ្នកផឹកស៊ីក្នុងវង់ជាមួយគ្នា ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងបានរត់គេចខ្លួនកាលពីវេលាម៉ោង ១០ និង០៥នាទី យប់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ហើយត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ខណៈជនដៃដល់ បានរត់ទៅសម្ងំលាក់ខ្លួននៅក្នុងព្រៃ ត្រង់ចំណុចភូមិថ្មល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ការចាប់ឃាត់ខ្លួននេះ គឺមានការណែនាំពីលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត លោកឧត្តម សេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែន ព្រហ្មទណ្ឌ និងលោកវរ:សេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរង ទើបលោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងដោយផ្ទាល់ សហការជាមួយលោក វរសេនីយ៍ទោ តាំង លីហេង អធិការ នគរបាលស្រុកជីក្រែង ទទួលជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះចាប់ខ្លួនបានតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជិន វណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ នៅយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ជនសង្ស័យបានផឹកស៊ីជាមួយជនរងគ្រោះ ០២នាក់ទៀត រួមមាន១.ឈ្មោះ រិន លាប ភេទប្រុស អាយុ ២៦ឆ្នាំ និងទី២ឈ្មោះ រុន ដូង ភេទប្រុស អាយុ២១ឆ្នាំ។ ដោយពេលកំពុងផឹកស៊ីនោះ ក៏មានទំនាស់ពាក្យសម្តីជាមួយគ្នា ទើបជនសង្ស័យយកកាំបិតចុងស្រួច ពណ៌សដែលហាន់សាច់ខ្លែម ចាក់មកលើ ជនរងគ្រោះ ឈ្មោះ រិន លាប ចំនួន១កាំបិត ត្រូវចង្កេះ រងរបួសធ្ងន់ និងចាក់ជនរងគ្រោះ ឈ្មោះ រុន ដូង ត្រូវចុងដង្ហើម ១កាំបិត បានស្លាប់ពេលបងប្អូនដឹកយកទៅមន្ទីពេទ្យបានពាក់កណ្តាលផ្លូវ រួចជនសង្ស័យនោះក៏រត់គេចខ្លួនបាត់ស្រមោលតែម្តង ។

រហូតមកទល់នឹងម៉ោង ៤ល្ងាច ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចបានបើកការស្រាវជ្រាវឈានដល់ការចាប់ខ្លួនបាន ជនសង្ស័យជាជនដៃដល់ ដែលបានរត់ទៅសម្ងំលាក់ខ្លួននៅក្នុងព្រៃ ត្រង់ចំណុចភូមិថ្មល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប តែម្តង។

ក្រោយការសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាក់សម្លាប់ជនរងគ្រោះពិតមែន ។ ចំណែកឯវត្ថុតាងជនសង្ស័យបានបោះចោលតាមវាលស្រែ ខណៈពេលរត់គេចខ្លួន កម្លាំងសមត្ថកិច្ចជំនាញ បាននាំជនសង្ស័យមករកដែរ តែរកមិនឃើញ ។

ពេលនេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់បន្តទៀត៕ 



Telegram