យកគ្រឿងញៀនគ្រាប់ពណ៌ផ្កាឈូក លាក់ក្នុងសម្ភារៈយកមកផ្ញើរប្តី កំពុងកំដរម្តាយជាអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលគោលដៅ ដឹព្រេមៀ សែនសុខ ត្រូវអាវុធហត្ថក្រុងភ្នំពេញ ចាប់ឃាត់ខ្លួន
សន្តិសុខសង្គម
321

រាជធានីភ្នំពេញ ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ គោលដៅ ដឹព្រេមៀ សែនសុខ ធ្វើការចាប់ឃាត់ខ្លួនស្ត្រីម្នាក់ ក្រោយឆែករកឃើញថ្នាំគ្រាប់ពណ៌ផ្កាឈូក (សង្ស័យជាសារធាតុញៀន) ៤០គ្រាប់ ក្នុងសម្ភារៈ ផ្ញើឲ្យអ្នកជំងឺកូវីដ-១៩ កាលពីល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ។

ជនសង្ស័យរូបនេះមានឈ្មោះ គង់ សុភា ភេទស្រី អាយុ៣៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិក្បាលដំរី សង្កាត់ពោធិ៍សែនជ័យ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចធ្វើការដកហូតបាន ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៤០គ្រាប់ (សង្ស័យជាសារធាតុញៀន), បំពង់កែវចំនួន០១ ខណៈជនសង្ស័យ បានយកសម្ភារៈមកផ្ញើប្តីដែលកំពុងកំដរម្តាយជាអ្នកជំងឺកូវីដ-១៩ សម្រាកព្យាលនៅទីតាំងខាងលើ។

ពេលនេះជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងឈរជើងនៅគោលដៅ ប្រគល់ឲ្យសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរនាំបន្តនីតិវិធីច្បាប់ ហើយមុនពេលបញ្ជូន ទៅកាន់ទីបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យត្រូវបានយកសំណាកជាមុន ដោយប្រើឧបករណ៍តេស្តរហ័ស (Rapit Test) លទ្ធផល អវិជ្ជមានកូវីត-១៩៕ ប្រភព ៖ Phnom Penh Gendarmerie 


Telegram