រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្ដម៉ាកKIA មួយគ្រឿង ខ្វះការប្រុងប្រយត្ន័ បានបើកបុកជាមួយនឹងរបាំងថ្មចែកទ្រូង បណ្តាលឲ្យរងការខូចខាតមួយកង់ និងខ្ទេចរថយន្តផ្នែកខាងមុខ យ៉ាងដំណំ កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលនៅទីតាំងចំណុចកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកKIA ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AA-9349 បើកបរដោយបុរសម្នាក់ បានរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បើកទៅមុខលែងរួច ដោយសាររថយន្ដបានគៀបជាប់ជាមួយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ ទើបអ្នកបើកបរ បើកទ្វាររថយន្ត គេចចេញពីកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករបស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការវាស់វែង និងស្ទូចរថយន្តយកទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលមកដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕