រាជធានីភ្នំពេញ ៖ រថយន្ដឡិចស៊ីស NX 200t មួយគ្រឿង មិនដឹងជាមានរឿងអ្វីជាមួយនឹងក្រុមក្មេងស្ទាវមួយក្រុមទៀតនោះទេ ដែលបានដេញតាមវាយកម្ទេចរថយន្ត ទើបព្យាយាមបើករត់គេចមកជ្រុលបុកផ្ទះប្រជាពលរដ្ឋ ទៅមុខលែងរួច ដោយរត់ចេញពីរថយន្តបាត់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច មកដល់ ឃើញមានដុំឥដ្ឋ ដបស្រា បែកខ្ទេចរប៉ាត់រប៉ាយផងដែរ កាលពីវេលាម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ ២៩២ ក្នុងសង្កាត់បឹងកេងកងទី ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានអោយដឹងថា មុនពេលកើតហេតុ មានរថយន្ដម៉ាកឡិចស៊ីស NX200t មួយគ្រឿង ស្លាកលេខ ភ្នំពេញ 2BL- 0988 បើកបរដោយយុវជនម្នាក់ មិនដឹងថាមានរឿងអ្វីជាមួយនិងក្មេងស្ទាវមួយក្រុមទៀតនោះទេ បានដេញតាមវាយកម្ទេចរថយន្ដ និងតាមវាយម្ចាស់រថយន្ដខាងលើ បណ្ដាលឲ្យរងរបួសធ្ងន់ និងរងការខូចខាតរថយន្ដយ៉ាងដំណំ ទើបរថយន្តនេះព្យាយាមបើកគេចពីក្រុមក្មេងស្ទាវខាងលើ ក៏បុកចូលក្នុងផ្ទះប្រជាពលរដ្ឋទៅមុខលែងរួចតែម្តង ភ្លាមៗអ្នកបើករថយន្តបានប្រញាប់បើកទ្វាររត់បាត់ សល់តែរថយន្តត្រូវបានក្រុមក្មេងស្ទាវទាំងនោះ ចុះមកយកដុំថ្ម ដបស្រា គប់និងវាយកម្ទេចរថយន្តនោះថែមទៀត ហើយក៏រត់គេចខ្លួនបាត់អស់តែម្តង ។
នៅក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានមកដល់ បានធ្វើការស្ទូចរថយន្ដខាងលើយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលចរាចរណ៍ ដើម្បីរង់ចាំម្ចាស់ចូលទៅដោះស្រាយអោយម្ចាស់ផ្ទះទៅតាមផ្លូវច្បាប់បន្តទៀត៕