រាជធានីភ្នំពេញ ៖ ទីតាំងខារ៉ាអូខេមួយកន្លែង យីហោ ហ្គោល បានលួចបើកទទួលភ្ញៀវច្រើន មិនខ្លាចការឆ្លងជំងឺកូវីដ-១៩ ថែមទាំងមិនគោរពតាមអនុសាសន៍របស់សម្តេចតេជោ ០៣ការពារ និង០៣កុំ ក៏ដូចជាមិនបានគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលនោះទេ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ចុះធ្វើការបង្ក្រាបឃាត់ខ្លួនមនុស្សចំនួន២៦នាក់ មានទាំងស្រីទាំងប្រុស ដកហូតម៉ូតូជាច្រើនគ្រឿងផងដែរ ។
ប្រតិបត្តិការនេះបានធ្វើឡើង កាលពីវេលាម៉ោង ១២យប់ ឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នៅតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
អាជ្ញាធរបានឲ្យដឹងថា ថ្មីៗកន្លងទៅ នេះរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មឡើងវិញ តែត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវគោរពកាព្វកិច្ចចាំបាច់ គឺត្រូវពាក់ម៉ាស់ វាស់កម្តៅ រក្សាគម្លាត ពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ០៣ការពារ ០៣កុំ របស់សម្តេចតេជោ ។
អាជ្ញាធរបានឲ្យដឹងទៀតថា ដោយឡែក ទីតាំងខារ៉ាអូខេ ហ្គោល នេះបានលួចបើកទទួលភ្ញៀវជាច្រើនចូលច្រៀងលេងយ៉ាងសប្បាយ ដោយមិនខ្លាចការឆ្លងជំងឺកូវីដ-១៩ នោះទេ ទើប កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ចុះមកបង្ក្រាប និងបិទហាងខាងលើជាបណ្តោះអាសន្ន សិនតែម្តង ។
ក្នុងប្រតិបត្តិការនេះ គឺកម្លាំងបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៦នាក់ ក្នុងនោះមានស្រី១៤នាក់ ប្រុស១២នាក់ និងម៉ូតូជាច្រើនគ្រឿង។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ម៉ូវ មានិត អភិបាលខណ្ឌសែនសុខ បានបញ្ជាក់ថា បច្ចុប្បន្នអ្នកដែលត្រូវបានឃាត់ខ្លួនខាងលើ គឺបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការពិន័យអន្តរការ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចំពោះអ្នកដែលមានទោសទណ្ឌជាក់ស្តែង ដើម្បី ចាត់ការបន្ត៕