រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវឈានដល់ការចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន រួមមាន ៖
ទី១-ឈ្មោះ ផាត មិថុនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរប៉ះកង់ ស្នាក់នៅភូមិតាងួន សង្កាត់កាកាបទី១។
ទី២-ឈ្មោះ ចាន់ វឌ្ឍនៈវិបុល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅខណ្ឌឫស្សីកែវ។
ទី៣-ឈ្មោះ ចំរើន ថុនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ ខណ្ឌសែនសុខ។
ទី៤-ឈ្មោះ ភឿន សុភ័ក្រដាវីត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ដកហូតបាន ម៉ូតូស្កុបពី ពណ៌ក្រហម ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1EH-6580 និងម៉ូតូស្កុបពី
ពណ៌ខៀវ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1II-2348។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុននឹងឈានដល់មុនពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ សមត្ថកិច្ចប៉ុស្តិ៍កាកាបទី១ កំពុងល្បាតក្នុងភូមិសាស្ត្រ បានឃើញជនសង្ស័យទាំងនេះ រៀបនឹងធ្វើសកម្មភាពឆក់ ទ្រព្យសម្បត្តិពីប្រជាពលរដ្ឋ គ្រាន់តែឃើញសមត្ថកិច្ចភ្លាម ក៏ព្យាយាមជិះរត់ ត្រូវបានសមត្ថកិច្ចដេញតាមចាប់ខ្លួនបានតែម្តង ។
ក្នុងនោះជនសង្ស័យបានសារភាពថា ក្រុមពួកគេពិតជាធ្លាប់ធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាច្រើនលើកមកហើយ ពិតមែន តែលើកនេះបម្រុងនឹងធ្វើសកម្មភាពទៅហើយ បែរជាជួបនឹងសមត្ថកិច្ច ចាប់ខ្លួនបាន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់តែម្តង៕