រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣ករណី នៅជាប់គ្នា កន្លែងតែមួយ បង្កការភ្ញាក់ផ្អើលទាំងព្រឹក តែសំណាងល្អមិនបណ្តាលឲ្យមាននរណាម្នាក់ រងរបួសទ្បើយ គ្រាន់តែរងការខូចខាតម៉ូតូចំនួន៤គ្រឿង និងរថយន្តធ្លាក់ចុះទៅក្នុងទឹកប្រទ្បាយ តែប៉ុណ្ណោះ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ បានបញ្ជាក់ប្រាប់ក្រុងការងារ TVFB ឲ្យដឹងថា មុនពេលកើតហេតុ ដោយសារតែមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ ស្របពេលដែល ក៏មានរថយន្តកូរ៉េដឹកទឹកបរិសុទ្ធ មកពីក្រោយ ជាន់ហ្វ្រាំងមិនស៊ី ក៏បួងចង្កូតបណ្ដាលឲ្យធ្លាក់មួយចំហៀងផ្លូវតែម្តង សំណាងល្អមិនបណ្តាលឲ្យមានអ្នកណារងរបួសទ្បើយ គ្រាន់តែរងការខូចខាត សម្ភារៈនៅនឹងកន្លែងកើតហេតុ។
ចំណែកមួយករណីទៀតដោយសារតែពួកគាត់ងាកមកមើលគ្រោះថ្នាក់ខាងលើ ក៏បណ្តាលឲ្យបុកគ្នាយ៉ាងពេញទំហឹង រវាងម៉ូតូនិងម៉ូតូ បន្ថែមទៀត បណ្តោលឲ្យមានអ្នករងរបួសស្រាល នៅនឹងកន្លែងកើតហេតុខាងលើ ។
ក្រោយពីកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌដង្កោ បានចុះទៅដល់កន្លែងកើតហេតុ បានឲ្យភាគីដោយករណីម៉ូតូនិងម៉ូតូ ចំនួន២ករណី ដោះស្រាយគ្នាបញ្ចប់រឿង។ ចំណែកឯរថយន្តកូរ៉េ ដែលបានធ្លាក់ចូលទឹកប្រទ្បាយ សមត្ថកិច្ចបានហៅឲ្យរថយន្តស្ទូចដើម្បីលើកមកទ្បើងលើគោក នឹងធ្វើការជួសជុលបង្គោលថ្មទ្បើង ដើម្បីបញ្ចប់រឿងនៅទីតាំងកន្លែងកើតហេតុតែម្តង៕