រាជធានីភ្នំពេញ ៖ រថយន្ដមិនស្គាល់ម៉ាកមួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ក្នុងល្បឿនលឿន បានបុកម៉ូតូហុងដាសេ១២៥ ដែលកំពុងបើកបរដោយយុវជនម្នាក់ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម គាបជាប់ម៉ូតូយ៉ាងរន្ធត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ យប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ ៦A ចន្លោះពីស្ពានទី១១ និងស្ពានទី១២ ក្នុងភូមិចំបក់មាស ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា គេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាក ហុងដាសេ១២៥ មួយគ្រឿង ពាក់ស្លាក់លេខ ស្ទឹងត្រែង 1A-1605 ធ្វើដំណើរម្នាក់ឯង ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ក៏មានរថយន្ដមួយគ្រឿង មិនចាំស្លាកលេខ បានបុកពេញមួយទំហឹង បណ្ដាលឲ្យយុវជនដែលជាអ្នកបើកបរម៉ូតូខាងលើ ស្លាប់គាបជាប់នឹងម៉ូតូក្នុងថ្លុកឈាម បូករួមទាំងសភាពងងឹតគ្មានអ្នកឃើញទៀតនោះ រថយន្ដក៏បានបើករថយន្តរត់គេចចេញពីកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕