រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ បានស្លាប់យ៉ាងរន្ធត់ក្នុងថ្លុកឈាម ខណៈកង់វិញបានប៉ើងខ្ទាតជាច្រើនម៉ែត្រ ដាច់កង់ចេញពីគ្នា ក្រោយជិះកង់តាមដងផ្លូវ ហើយត្រូវបានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បុកពេញទំហឹង រួចរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង៥ និង១០នាទីព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ លើផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្រីម្នាក់ មិនស្គាល់អត្តសញ្ញាណ បានជិះកង់មួយគ្រឿង តាមផ្លូវ៦០ម៉ែត្រ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿង ពណ៌ស មិនម៉ាកនិងស្លាកលេខនោះទេ បើកបរពីជើងមកត្បូងក្នុងល្បឿនលឿន បានមកបុកចំពីមុខកង់ពេញទំហឹង បណ្តាលឲ្យស្ត្រីរងគ្រោះរួមទាំងកង់ ប៉ើងជាច្រើនម៉ែត្រ ស្លាប់យ៉ាងរន្ធត់តែម្តង ។ បន្ទាប់មករថយន្តខាងលើ ក៏បានបន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន សហការជាមួយនគរបាលចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែងនៅទីតាំងកើតហេតុ ដោយបានយកកង់ខាងលើទៅរក្សាទុក និងស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះ រួមនិងរថយន្តបង្ក ដើម្បីមកទទួលទោសនិងដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕