ក្រោយបាត់ខ្លួនប្រធានក្រុមតន្ត្រីសម័យម្នាក់នៅខេត្តកំពង់ឆ្នាំងជាង១០ថ្ងៃ ពេលនេះសមត្ថកិច្ចបំបែកសំណុំរឿងបានហើយ ដោយជនសង្ស័យសារភាពថា បានយកសពជនរងគ្រោះទៅទម្លាក់ចោលនៅស្ពានព្រែកសំរោង ក្រុងតាខ្មៅ
សន្តិសុខសង្គម
1.16K

ខេត្តកំពង់ឆ្នាំង ៖ ក្រោយមានការបាត់ខ្លួនបុរសម្នាក់ ដែលជាប្រធានក្រុមតន្ត្រីសម័យ រយៈពេល១០ថ្ងៃគ្មានដំណឹង បន្ទាប់ពីបានជិះរថយន្តមួយគ្រឿងចេញពីស្រុករលាប្អៀរ មកកាន់ខេត្តកំពង់ឆ្នាំង ហើយក៏បាត់រហូតមក ពេលនេះសមត្ថកិច្ចបំបែកសំណុំរឿងបានហើយ គឺជាករណីឃាតកម្ម ។ ប៉ុន្តែចំពោះដំណើររឿងហេតុបែបណា ឬអត្តសញ្ញាណរបស់ជនដៃដល់នោះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ព្រោះកំពុងតែធ្វើការបន្តយ៉ាងយកចិត្តទុកដាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់ គៀន អាយុជាង៥០ឆ្នាំ មានទីលំនៅភូមិឧទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដោយកាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះបានជិះរថយន្តផ្ទាល់ខ្លួនម៉ាកតាកូម៉ា ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង 2A. 2626 មកកាន់ខេត្តកំពង់ឆ្នាំង ហើយក៏បាត់ខ្លួនរហូតមក ទើបគ្រួសាររបស់ជនរងគ្រោះមកដាក់ពាក្យបណ្តឹង គិតរហូតមកទល់ពេលនេះមានរយៈពេលជាង១០ថ្ងៃមកហើយ។

ក្នុងនោះ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង តាមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបានរកឃើញរថយន្តរបស់ជនរងគ្រោះនៅរាជធានីភ្នំពេញ ដោយនៅរសៀលថ្ងៃទី៨ ខែកក្កដានេះ សមត្ថកិច្ចបានបំបែកសំណុំរឿង និងចាប់ខ្លួនជនដៃ មកធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្ត ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់ ដែលជាអ្នកទិញរថយន្តពីជនសង្ស័យ ដែលបានប្រាប់ថាជារថយន្តអត់ពន្ធ ទើបឈានដល់ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យបានម្នាក់ ហើយជនសង្ស័យរូបនោះបានសារភាពថា សពជនរងគ្រោះបានយកទៅទម្លាក់ចោលនៅស្ពានព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ដោយឡែកចំពោះមូលហេតុនៅមិនទាន់ដឹងនៅឡើយ ព្រោះសមត្ថកិច្ចកំពុងធ្វើការបន្ត ៕




Telegram