ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តកុងតឺន័រមួយគ្រឿង បែកកង់រថយន្ដ រេចង្កូតជ្រុលទៅបុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ត្រង់ចំណោទរ៉ាស្ថិតក្នុងសង្កាត់លេខ ០៣ ក្រុង/ខេត្តព្រះសីហនុ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុបានឃើញរថយន្តកុងតឺន័រម៉ាក Freightliner ពាក់ស្លាកលេខ ភ្នំពេញ 3E-0402 បើកបរដោយបុរសម្នាក់ ឈ្មោះ សូ វ៉ាត អាយុ ៣៧ឆ្នាំ បើកបរនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីផ្សារឃ្លាំងលើមកទៅផែ ស្រាប់តែមកដល់កន្លែងកើតហេតុខាងលើ រថយន្តក៏ផ្ទុះកង់មុខបណ្ដាលឲ្យរេចង្កូតទៅបុកជាមួយនឹងរនាំងពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ព្រមទាំងបាក់អស់បង្គោលភ្លើងបំភ្លឺផ្លូវមួយដើម និងរនាំងថ្មពុះចែកទ្រូងផ្លូវអស់ ៣កង់ទៀត ហើយហេតុការណ៍ខាងលើនេះមិនបណ្ដាលឲ្យមនុស្សរងរបួសទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានធ្វើការវាស់វែងនឹងលើកយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍រង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕