ឆ្លងចរន្តអគ្គិសនីបែកផ្កាភ្លើង ឆេះក្នុងផ្ទះមួយកន្លែង ផ្អើលអស់ប្រជាពលរដ្ឋ
រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងយប់ ខណៈមានការឆ្លងចរន្តអគ្គិសនីបែកផ្កាភ្លើង កើតជាអណ្តាតភ្លើង ឆាបឆេះនៅក្នុងផ្ទះមួយកន្លែង កាលពីវេលាម៉ោង ៩ និង២០នាទី យប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលនៅទីតាំងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញប្រអប់ភ្លើង បានទុស្សេចេញពីប្រអប់ភ្លើង ឆេះចេញជាអណ្ដាតភ្លើងខ្លាំង បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលអស់បងប្អូនប្រជាពលរដ្ឋ ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច និងហៅរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលរាជធានីភ្នំពេញ ចុះជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ ២គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ៕