រាជធានីភ្នំពេញ ៖ យុវជនម្នាក់ យករថយន្តរបស់ឪពុក មកបើកយកទៅផឹកស៊ីជាមួយពួកម៉ាក ត្រឡប់មកវិញ បើកបុកកម្មករប្រមូលសំរាម ដែលកំពុងកើបសំរាមតាមដងផ្លូវ បណ្តាលឲ្យស្លាប់២នាក់ យ៉ាងរន្ធត់ភ្លាមៗ និងម្នាក់ទៀត បាក់ជើងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ បញ្ជូនមកធ្វើការសាកសួរ កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមសម្តីរបស់ យុវជនជាអ្នកបើកបររថយន្ដម៉ាក CRV ពាក់ស្លាកលេខ ភ្នំពេញ 2AN- 4634 បាននិយាយរៀបរាប់ថា គាត់បានលួចយករថយន្ដរបស់ឪពុកគាត់យកជិះទៅស៊ីផឹកជាមួយពួកម៉ាក។ ពេលផឹកសុំចប់ ក៏បានបើករថយន្តដឹកពួកម៉ាកមកវិញ មកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុកកម្មករប្រមូលសំរាម ដែលកំពុងកើបនិងប្រមូលសំរាមតាមដងផ្លូវ បណ្តាលឲ្យ២នាក់ស្លាប់យ៉ាងរន្ធត់ភ្លាមៗ ចំណែកម្នាក់ទៀតរងរបួសធ្ងន់បាក់ជើង ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្តក៏មិនអាចទៅមុខរួច ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍មូលដ្ឋាន សហការជាមួយនគរបាលជំនាញចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង យករថយន្តទាំង២គ្រឿង រួមទាំងអ្នកបើកបរ ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរក្សាទុកនិង រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅ ឯស្រុកកំណើត ៕