នាំបក្ខពួកមកឆក់ទូរសព្ទដៃពីជនបរទេស អស់លក្ខណ៍ត្រូវជនរងគ្រោះរត់ដេញចាប់បានម្នាក់ប្រគល់ឲ្យប៉ូលិស ខណៈម្នាក់ទៀតរត់គេចខ្លួនបាត់
សន្តិសុខសង្គម
177

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានជនបរទេសម្នាក់ ដែលជាជនរងគ្រោះ ដេញចាប់ខ្លួនបាន ក្រោយនាំបក្ខពួកម្នាក់ទៀតធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ បានសម្រេច ហើយព្យាយាមរត់គេចខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ នៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសម្តីពីអ្នកបកប្រែ ឲ្យជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែអង្គុយនៅមាត់ទន្លេ ស្រាប់តែលេចមុខជនសង្ស័យ ២ នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះចំនួន ២ គ្រឿងបានសម្រេច ហើយព្យាយាមរត់គេចខ្លួន តែត្រូវបានជនរងគ្រោះដែលជាជនបរទេសខាងលើ រត់ដេញតាមចាប់បានម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅទីនោះ ឲ្យទំនាក់ទំនងហៅសមត្ថកិច្ចចុះមកអន្តរាគមន៍ ដោយបានប្រគល់ជនសង្ស័យរូបនេះ ទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលផ្សារកណ្តាលទី ១ និងឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងដើម្បីចាត់ការតាមច្បាប់តែម្តង ៕


Telegram