ដុតភ្លើងទៀន ទុកចោល ឆេះ ផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង យ៉ាងសន្ធោសន្ធៅ នៅក្រុងព្រះសីហនុ
សន្តិសុខសង្គម
114

ខេត្ត ព្រះសីហនុ ៖ អគ្គិភ័យមួយបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចក្រុម ៣១ ភូមិ ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

បើតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋ ទាំង៤ខ្នង ដែលត្រូវអគ្គិភ័យឆាបឆេះនេះ ធ្វើពីឈើប្រក់សង្ក័សី បណ្តាលឲ្យខូចខាតឆេះផ្ទះចំនួន០៤ខ្នងទាំងស្រុង ដោយផ្ទះ១ខ្នងៗ ទំហំប្រហែល ៤x៥ម៉ែត្រ ។

ក្នុងនោះសមត្ថកិច្ចបានឲ្យដឹងថា បណ្តាលមកពីការ ដុតភ្លើងទៀន ទុកចោល ទើបបណ្តាលឲ្យឆាបឆេះតែម្តង ។ ក្នុងនោះក៏មានរថយន្ពពន្លត់អគ្គីភ័យ ចំនួន ០១ គ្រឿង បានចេញទៅដល់គោលដៅ ប៉ុន្តែមិនបានពន្លត់ដោយសារផ្លូវតូចចង្អៀតរថយន្តចូលមិនដល់ តែកម្លាំងជំនាញ សមត្ថកិច្ចមូលដ្ឋាន និង ប្រជាពលរដ្ឋ ជួយពន្លត់មិនឲ្យរាលដាលបន្តទេ និងគ្មាននរណាម្នាក់ រងរបួសនោះឡើយ ៕


Telegram