រាជធានីភ្នំពេញ ៖ អគ្គីភ័យទ្រង់ទ្រាយធំមួយ បានឆាបឆេះឃ្លាំងស្តុកគ្រឿងអគ្គិសនី មួយកន្លែងយ៉ាងសន្ធោសន្ធៅ លេបត្របាក់ស្ទើរទាំងស្រុង ខណៈអណ្តាតភ្លើងឡើងខ្ពស់ ហួសផ្ទះប្រជាពលរដ្ឋទៅទៀត បង្កការភ្ញាក់ផ្អើល និងភ័យយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ដើម្បីមកអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង ៣ និង២៥នាទី យប់ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវសឡា ៣៧១ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញអណ្តាតភ្លើងបានឆេះចេញពីក្នុងឃ្លាំងស្តុកគ្រឿងអគ្គិសនីខាងលើ ទើបស្រែកឆោឡោខ្លាំង ឲ្យបងប្អូនប្រជាពលរដ្ឋផ្សេងទៀតបានដឹង ជួយគ្នាម្នាក់មួយដៃមួយជើង ទាញទុយោទឹកតាមផ្ទះបាញ់ទប់ស្កាត់ និងខ្លះទៀតប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីមកអន្តរាគមន៍បាញ់ពន្លត់។
សមត្ថកិច្ចបានឲ្យដឹងថា ភ្លាមៗមានរថយន្តពន្លត់អគ្គិភ័យ ចំនួន ១៥ គ្រឿង បានមកដល់ទីតាំងកើតហេតុ ស្វះស្វែងជួយអន្តរាគមន៍បាញ់ពន្លត់ភ្លើងដែលកំពុងឆាបឆេះនេះ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយ មានទាំងការវាយទម្លុះជញ្ជាំង ដើម្បីបាញ់ពន្លត់ផងដែរ ប្រើប្រាស់ទឹកក្នុងការបាញ់ពន្លត់អស់ ៣០ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងឲ្យរលត់ទៅវិញនៅម៉ោង ៥ និង១៥នាទីព្រឹកព្រលឹមថ្ងៃដដែល ដោយមិនបានរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ ។ ចំណែកមូលហេតុ នៃ ការ ឆាបឆេះ នេះ សមត្ថកិច្ច កំពុង តែ ធ្វើការ ស្រាវជ្រាវ បន្ត ៕