ក្មេងទំនើង២ក្រុម បង្កភាពអសន្តិសុខធ្នាប់ក្នុងភូមិ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជាច្រើននាក់ យកមកអប់រំឲ្យថ្វាយបង្គំសូមទោសឪពុកម្តាយ
សន្តិសុខសង្គម
152

ខេត្តកណ្តាល ៖ ក្មេងទំនើងចំនួន២ក្រុម បង្កភាពអសន្តិសុខធ្នាប់ក្នុងភូមិឃុំ រហូតមានការខូចខាតទ្រព្យសម្បិត្តរបស់អ្នកដ៍ទៃ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ឃាត់ខ្លួនបានជាច្រើននាក់ ។

ក្នុងនោះ នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ដោយមានការសម្របសម្រួល ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល

លោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្ដាល និងយោងតាមសំណើរសុំការធានារបស់អាណាព្យាបាលក្មេងសុំមិនប្ដឹងតវ៉ា តាមអង្គហេតុ ភាគីបង្កមិនប៉ះពាលឲ្យមានរបួសស្មាមនិងសុខចិត្តជួសជុលលើមធ្យោបាយដែលខូចខាត ព្រមទាំងមានការយល់អធ្យាស្រ័យគ្នាក្នុងនាមអ្នកភូមិ ទើបសមត្ថកិច្ច បានធ្វើការអប់រំលើក្មេងទំនើង២ក្រុម ដោយមានកិច្ចសន្យាត្រឹមត្រូវជាលាយលក្ខណ៍អក្សរ រួចហើយឲ្យក្មេងៗទាំងនេះ សារភាពកំហុស សូមទោសទៅកាន់ឪពុកម្តាយ និងថ្វាយបង្គំសំពះអ្នកមានគុណ ដើម្បីលោកយកទៅអប់រំណែនាំបន្ត។

លោកឱពុក អ្នកម្ដាយ របស់ក្មេងៗទាំង២ក្រុម បានសម្ដែងការត្រេកអរ ជាខ្លាំងចំពោះលោកឧត្តមសេនីយ៍ទោ ស្នងការ និងលោកព្រះរាជអាជ្ញា

ដែលបានសម្រេចតាមការស្នើសុំនិងការធានាយកកូនខ្លួនទៅអប់រំបន្ត និងសន្យាថាមិនអោយកូនខ្លួនប្រព្រឹត្តកំហុសឆ្គងតទៅទៀត ហើយសន្យាថាអោយកូនៗ ខិតខំកែខ្លួនទៅជាពលរដ្ឋល្អក្នុងសង្គម ៕


Telegram