រាជធានីភ្នំពេញ ៖ បងប្អូនអាជីវករលក់ដូរនៅក្នុងផ្សារព្រែកជ្រៃ បានផ្ទុះការតវ៉ា រហូតឈានដល់ការបិទផ្លូវ២១៧ ហៅផ្លូវចំការដូង មួយព្រឹកធំ ដើម្បីឲ្យអាជ្ញាធរជួយធ្វើការដោះស្រាយ ក្រោយសុំឲ្យខាងផ្សារលុបចោលលក្ខខណ្ឌចំនួន ៣ចំណុច ហើយការតវ៉ានេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមសម្ដីអាជីវករបានឲ្យក្រុមការងារ TVFB ដឹងថា ពួកគាត់សុទ្ធតែជាអាជីវករ ដែលបានជួលនិងទិញតូបក្នុងផ្សារព្រែកជ្រៃ មានចំនួនប្រមាណ៦០០តូប បានផ្ទុះការតវ៉ានាពេលនេះ គឺទាមទារសូមឲ្យប្រធានផ្សារ លុបចោលនូវលក្ខខ័ណ្ឌ៣ចំណុច ដូចខាងក្រោមៈ៖
ទី១ .ស្នើរសុំលុបចោលលុយសេវា៧០ដុល្លារ ។
ទី២.ស្នើសុំលុបចោលសេវាបញ្ជាក់លិខិតកម្មសិទ្ធឲ្យអាជីវករចំពោះហាងចំនួន១០០០$ ,តូបក្នុងផ្សារចំនួន ៥០០$ នឹងគ្រែ ៣០០$ ។
ទី៣. សូមលុបចោលសេវាទឹកភ្លើងសាធារណៈបង់រំលួស ១២០០០រៀលក្នុងខែ។
ទន្ទឹមនឹងមានការតវ៉ាបិទផ្លូវនេះកើតឡើង គេឃើញវត្តមានអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខណ្ឌដង្កោ បានចុះមកធ្វើការដោះស្រាយភ្លាមៗ រហូតដល់វេលាម៉ោងប្រហែល ៣និង ៤៥នាទី រសៀលថ្ងៃ លោក ជ គឹមស៊រ អភិបាលរងខណ្ឌដង្កោបានដឹកនាំ អាជ្ញាធរមូលដ្ឋាន ក៏ដូចជា មន្ត្រីសាលាខណ្ឌដង្កោ ចុះមកធ្វើការសម្របសម្រួលជាមួយបងប្អូនអាជីវករ និង តំណាងផ្សារព្រែកជ្រៃ ដោយសុំឲ្យបងប្អូនអាជីវករទាំងអស់ បើកផ្លូវដំណើរការធម្មតា ហើយ ចំពោះការដោះស្រាយយ៉ាងណានោះ អាជ្ញាធរខណ្ឌដង្កោ នឹងបន្តជួយ សម្របសម្រួលដោះស្រាយបន្តទៀត និងបានឲ្យបងប្អូនអាជីវករទាំងអស់ចូលលក់ដូរដូចធម្មតាវិញផងដែរ៕