ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាឱ្យមេបញ្ជាការចំណុះកងទ័ពជើងគោក ណែនាំកងទ័ពឱ្យបង្កើនការ ប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង ទ័ពជើងគោក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានណែនាំដល់មេបញ្ជាការទាំងអស់ចំណុះឱ្យកងទ័ពជើងគោក យកចិត្តទុកដាក់ណែនាំដល់កងទ័ពក្រោមបង្គាប់ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ។
ការណែនាំរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ-១៩ទៅលើ ទាហានម្នាក់ ឈ្មោះ ដារ៉ា សកល នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដែលជាសិក្ខាកាមនៅសាកលវិទ្យាល័យ ការពារជាតិ ទោះបីជាបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ចំនួន២លើករួចរាល់ហើយក៏ដោយ។
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានណែនាំឱ្យកងទ័ពក្រោមចំណុះអនុវត្តវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ហើយជំរុញឱ្យ រៀបចំមណ្ឌលចត្តាឡីស័កនៅក្នុងអង្គភាព ក្នុងករណីដែលមានកងទ័ពវិជ្ជមានជំងឺកូវីដ-១៩៕