ខេត្តព្រះសីហនុ ៖ ពិតជារន្ធត់ណាស់ រថយន្តមួយគ្រឿង បើកបរខ្វះករប្រុងប្រយត្ន័ក្នុងល្បឿនលឿន បានបុកកៀរម៉ូតូមួយគ្រឿង ដែលកំពុងជិះឌុបគ្នា ៣នាក់ បណ្តាលឲ្យស្លាប់២នាក់យ៉ាងរន្ធត់ និងម្នាក់ទៀត រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ចំណែករថយន្តនោះបានបន្តបើករត់ ត្រូវបានសមត្ថកិច្ចប្រើប្រាស់រថយន្តជាច្រើនគ្រឿង ប្រដេញតាមចាប់ពីក្រោយ យ៉ាងប្រផាប់ប្រភីង កៀកៗបើករេពេញផ្លូវ មើលទៅស្ថានការណ៍ដូចមិនស្រួល ក៏បង្ខំចិត្តឈប់រថយន្ត ហើយហក់ចេញពីក្នុងរថយន្តគេចខ្លួនបាត់តែម្តង សល់តែរថយន្តតែប៉ុណ្ណោះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ និង៤៥នាទី ល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លើផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ២១១-២១២ ក្នុងភូមិចំណោទរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះរួមមាន ៖
១. ឈ្មោះ ម៉ៅ រ៉ូគីយាស់ អ្នកបើកបរម៉ូតូ (ស្លាប់) ។
២.ឈ្មោះ ចាន់ លីណា ភេទស្រី អាយុ ១៨ ឆ្នាំ អ្នករួមដំណើរ (ស្លាប់)។
៣.ឈ្មោះ ឡាយ ណៃយឹម ភេទស្រី អាយុ៤១ឆ្នាំ របួសមធ្យម ។ អ្នកទាំង៣ ស្នាក់នៅបច្ចុប្បន្ន ភូមិអណ្ដូងថ្ម ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយរថយន្តនេះបានបើកបុកម៉ូតូស្របទិសគ្នា រហូតមានអ្នកស្លាប់ដល់ទៅដល់២នាក់ និងរបួសម្នាក់រួចមក រថយន្តបង្ក បានបន្តបើកគេចខ្លួន តាមផ្លូវជាតិលេខ៣ សំដៅទៅខេត្តកំពតយ៉ាងលឿន ហើយសមត្ថកិច្ចបានប្រើប្រាស់រថយន្តជាច្រើនគ្រឿង ដេញទាន់ តែអ្នកបើកបររថយន្តនៅបន្តបើករេចុះឡើងមិនប្រគល់ខ្លួន រហូតបង្ខំចិត្តឈប់រថយន្ត លោតចេញគេចខ្លួនទៅបាត់តែម្តង។
បច្ចុប្បន្នរថយន្តបង្ក រួមទាំងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកមករក្សាទុកនៅការិយាល័យជំនាញ ដើម្បីចាត់ការតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕