បន្ទាយមានជ័យ ៖ សាច់និងគ្រឿងក្នុងជ្រូកជាង២តោនដែលមន្ត្រីពេទ្យសត្វចុះបង្ក្រាបទីតាំងនាំចូលស្តប់ទុកនាំចេញត្រូវបានយកដុតកំទិចចោលនៅល្ងាចថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២១នៅចំណុចជាយក្រុងសិរីសោភ័ណ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យបាលខេត្តបន្ទាយមានជ័យរឺហៅពេទ្យសត្វបានប្រាប់ថា៖ជាការណែនាំពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វហើយមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យបាលខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវកំណត់មុខសញ្ញាហើយដោយមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រៈរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យដែលដឹកនាំដោយលោក គង់ សំអាត ព្រៈរាជអាជ្ញារង និងលោក ហ៊ុន សារ៉ាត់ បានចុះបង្ក្រាបទីតាំងកន្លែងនាំសាច់និងគ្រឿងក្នុងជ្រូកនាំចូលពីប្រទេសថៃយកមកស្តប់ទុកនាំចេញត្រូវបានរឹបអូសមានទំងន់២,១១៣គីឡូក្រាម ម្ចាស់ឈ្មោះ ទេព សុភាព ភេទប្រុសអាយុ៤៣ឆ្នាំ នៅវេលាម៉ោង១១.០៨នាទីថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២១នៅភូមិអូរជ្រៅ សង្កាត់.ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ក្រោយពេលមន្ត្រីជំនាញចុះទៅបង្ក្រាបរឹបអូសសាច់និងគ្រឿងក្នុងជ្រូកជាង២តោនដែលឈ្មួញលួចនាំចូលពីប្រទេសថៃដើម្បីមកស្តប់ទុកហើយនាំចេញទៅលក់តាមបណ្តាខេត្តមួយចំនួនទៀតគឺការលួចចូលគ្មានច្បាប់ ហើយរក្សាទុកខុសលក្ខណៈបច្ចេកទេសបណ្តាលខូចគុណភាពត្រូវបានរឹបអូសយកនិងម្ចាស់ទំនិញត្រូវបាននាំខ្លួនមកការរិយាល័យផលិតកម្មនិងបសុព្យបាលខេត្តបន្ទាយមានជ័យដើម្បីសាកសួរហើយរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់។
លោក ហ៊ុយ ទូច បានបញ្ជាក់ថា៖សាច់ជ្រូកនិងគ្រឿងក្នុងជ្រូកជាផលិតផលចម្រុះមានដើមកំណើតពីជ្រូកជាង២តោនក្រោយពេលដែលមន្ត្រីជំនាញបានរឹបអូសបានពីឈ្មួញដែលលួចនាំចូលពីប្រទេសថៃស្តប់ទុកនាំចេញដែលគ្មានច្បាប់និងខូចគុណភាព ត្រូវបានដឹកយកទៅដុតកំទិចចោលនៅជាយក្រុងសិរីសោភ័ណ៕ដោយ៖ចិន្ត្រា