ខេត្តព្រះវិហារ ៖ កម្លាំងកងរាជអាវុធហត្ថ នៃខេត្តព្រះវិហារ សហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ បានចុះធ្វើការចាប់ឈើ ខុសច្បាប់ចំនួន ៧ ទីតាំងផ្សេងគ្នា រឹបអូសបានឈើជាច្រើនសន្លឹក និងជាច្រើនដើម យកមករក្សាទុក ។
ក្នុងនោះ កាលពីវេលាម៉ោង ៣ និង ១០នាទីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសង្គមថ្មី សហការជាមួយសង្តាត់រដ្ឋបាលព្រៃឈើសង្គមថ្មី ជាមួយអង្គការអិនអស៊ីឌីប្រចាំខេត្តព្រះវិហារ នគរបាលប៉ុស្តិ៍ សម្របសម្រួលដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបសន្និធិឈើខុសច្បាប់ចំនួន ០៦ទីតាំង នៅចំណុចភូមិស្វាយ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ រួមមាន ៖
១.និយាមការ (0476052-1481568) ឈើសុក្រម ២៧សន្លឹក
២.និយាមការ (0476109-1481657) ឈើឈ្លីក១៦សន្លឹក
៣.និយាមការ (0475541-1481009) ឈើឈ្លីក២២សន្លឹក
៤. និយាមការ(0476041-1481138) ឈើឈ្លីក ២៨សន្លឹក
៥.និយាមការ(0473774-14806920)ឈើឈ្លីក ០៦សន្លឹក។
ឈើទាំងអស់នេះ គឺប្រជាពលរដ្ឋកាត់ឈើនៅក្បាលស្រែ និងចូលលួចកាត់នៅដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឌីសស្ទីង ដើម្បីយកមកលក់បន្តឲ្យក្រុមឈ្មួញចូលទៅខេត្តកំពង់ធំ ហើយករណីនេះកម្លាំងអាវុធហត្ថ និងសហការស្រាវជ្រាវរកប្រភពកាប់ និងប្រភពឈ្មួញ។ ចំណែកឯវត្ថុតាងដឹកយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង។
លុះនៅវេលាម៉ោង ៣និង៣០នាទីថ្ងៃទី១០ ខែកក្កដា ដដែល កម្លាំងអាវុធហត្ថគោលដៅកំពង់ស្រឡៅ បានសហការជាមួយមន្ត្រីជំនាញបរិស្ថាន កម្លាំងនគរបាលការពារព្រំដែនគោក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ស្រឡៅមួយ ដឹកនាំដោយលោក នៅ ប្រុស ប្រធានមន្ទីរបរិស្ថានស្តីទី ខេត្តព្រះវិហារ ក្រោមការបញ្ជាផ្ទាល់តាមទូរស័ព្ទពីលោក ថុល កំហឹង ព្រះរាជអាជ្ញារង នៃអយ្យការខេត្តព្រះវិហារ បានធ្វើការដកហូតឈើសន្និធិប្រភេទលេខ១ (សសរផ្ចឹក) ចំនួន ៦៥ដើម ស្មើនឹង ៨.៩៥៧ម៉ែត្រីគុណ នៅចំណុចUTM (571842-1559692) ស្ថិតក្នុងភូមិខាំកឺត ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។
បច្ចុប្បន្នវត្ថុតាងខាងលើបានយកមករក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃព្រះរកា-ឆែប ភ្នំសង្កែ ៕ ប្រភព៖ GRK News