រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចរនាំងដែកបារ៉ាស់ របស់សមត្ថកិច្ចសម្រាប់ ដាក់បិទផ្លូវ នូវតំបន់ត្រូវបិទខ្ទប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង ៥០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ត្រង់ចំណុចក្រោមស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់ខាងលើ បានជិះម៉ូតូសណ្តោងរម៉កមួយគ្រឿង មានដឹកគ្រឿងដែកអេតចាយ គ្មានស្លាកលេខ លុះមកដល់ចំណុចក្រោមស្ពានអាកាស៧មករា ក៏ធ្វើសកម្មភាពលួចលើករនាំងដែក(បារ៉ាស់ដែក) របស់សមត្ថកិច្ចសម្រាប់ ដាក់បិទផ្លូវ នូវតំបន់ត្រូវបិទខ្ទប់ ចំនួន២ផ្ទាំងដាក់លើរម៉កម៉ូតូ រួចគេចខ្លួន តែត្រូវអស់លក្ខណ៍គេចមិនផុត ក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ដើម្បីសួរនាំ រួចបញ្ជួនខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីចាត់ការតាមនីតិវីធីច្បាប់បន្តទៀត៕