សាច់និងគ្រឿងក្នុងជ្រូកសាច់មាន់ជិត១០តោន ត្រូវបានមន្ត្រីចម្រុះចាប់យកដុតកម្ទេចចោល
សន្តិសុខសង្គម
132

ខេត្តបន្ទាយមានជ័យ៖ សាច់និងគ្រឿងក្នុងជ្រូកសាច់មាន់ជិត១០តោន ត្រូវបានមន្ត្រីចម្រុះចាប់យកដុតកម្ទេចចោលនៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចជាយក្រុងសិរីសោភ័ណ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា៖ មន្ត្រីការិយាល័យផលិតកម្មនិង បសុព្យាបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវបង្ក្រាបការលួចនាំចូលសាច់និងគ្រឿងក្នុងជ្រូកសាច់មាន់មានទំងន់៨.៩៥៨គីឡូក្រាមនៅវេលាម៉ោង១០និង០៥នាទីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ត្រង់ចំណុចស្តង់ត្រីផ្កាយបី ស្ថិតភូមិក្បាលស្ពាន សង្កាត់.ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា៖ ការចុះបង្ក្រាបនេះមានសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ និងចូលរួមពីលោកវរៈសេនីយ៍ទោ រស់ អៀម នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងមន្ត្រីចម្រុះចុះបង្ក្រាប នៅពេលឈ្មួញដឹកតាមរថយន្តថៃនាំចូលពីប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែតមកទម្លាក់ផ្ទេរបម្រុងស្តប់និងនាំចេញចែកចាយទៅតាមបណ្តាខេត្តមួយចំនួនដែលត្រូវបានរឹបអូសយកមានទំនិញចម្រុះដូចជាសាច់និងគ្រឿងក្នុងជ្រូកសាច់មាន់ជិត១០តោនដែលឈ្មួញគេចខ្លួនបាត់។

លោក ហ៊ុយ ទូច បានបញ្ជាក់ថា៖ រយៈពេល២ថ្ងៃនេះមន្ត្រីជំនាញបានបង្ក្រាបទំនិញដែលផលិតផលមានដើមកំណើតពីសាច់ជ្រូកនិងសាច់មានដែលនាំចូលពីប្រទេសថៃគ្មានច្បាប់និងតាមលក្ខណៈបច្ចេកទេសដែលខូចគុណបង្ក្រាបបានជាង២តោនហើយត្រូវបានយកដុតកម្ទេចចោលនៅជាយក្រុងសិរីសោភ័ណ៕ដោយ៖ចិន្ត្រា 



Telegram